ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

គ្រាប់អង្ករនាងខ្មៅប្រទះឃើញនៅស្ទឹងត្រែង អាជ្ញាធរអំពាវនាវឲ្យជួយការពារ រក្សាទុកជាសម្បត្ដិវប្បធម៌ជាតិ

ខេត្តស្ទឹងត្រែង៖ គ្រាប់អង្ករនាងខ្មៅត្រូវបានគេប្រទះឃើញក្នុង នៅស្រុកថា ឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ហើយ អាជ្ញាធរខេត្ដបានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សាការពារ ដើម្បីទុកសម្រាប់ជាសម្បត្តិវប្បធម៌ និងបម្រើដល់វិស័យទេសចរណ៍។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានឲ្យដឹងថា មន្ទីរទេសចរណ៍ នឹងសហការ ជាមួយភាគីពាក់ព័ន្ធអភិរក្សសម្បត្តិវប្បធម៌បុរាណនេះទុកសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ដោយបាន រៀបចំសម្អាត និងធ្វើជារបងព័ទ្ធជុំវិញទីតាំងដែលនៅសេសសល់អង្ករ នាងខ្មៅនេះដើម្បីបង្កើតជាបណ្តាញ ខ្សែសង្វាក់សម្រាប់ភ្ញៀវមកទស្សនា ចេញពីប្រាសាទព្រះគោបន្តមកតំបន់វប្បធម៌អង្ករខ្មៅដែលនឹងផ្តល់ ផលប្រយោជន៍ដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះថែមទៀត។ លោកបានបន្ថែមថា វិស័យទេសចរណ៍ គឺជាឧស្សាហកម្ម វិនិយោគនៅនឹងកន្លែង ហើយនៅពេលដែលមានការរៀបចំកន្លែងអង្ករនាងខ្មៅនេះបានល្អ នឹងធ្វើឲ្យប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ អាចរកចំណូលបានបន្ថែមទៀតពីភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ។

លោក អ៊ុក ប៊ុនថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ បានគាំទ្រចំពោះគំនិតផ្តួចផ្តើមនេះ ហើយក្នុងនាមអាជ្ញាធរ ស្រុក នឹងបន្ដសហការជាមួយមន្ទីរវប្បធម៌រួមគ្នារៀបចំ អភិរក្សឡើង វិញកន្លែងទីតាំងដីអង្ករនាងខ្មៅនេះទុកជា ប្រយោជន៍រួមទាំងអស់គ្នា។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលជាសេនាធិការរបស់ រាជរដ្ឋាភិបាលបានរៀបចំបញ្ជី សម្បត្តិវប្បធម៌ទាំងរូបិយ និងអរូបិយបញ្ជូនទៅអង្គការយូណេស្កូឲ្យទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌ ពិភពលោកបានជោគជ័យជាបន្តបន្ទាប់ ហើយបន្ដចូលរួមថែរក្សាតំបន់ប្រវត្តិសាស្ត្រ និងសម្បត្តិវប្បធម៌ ដែលនៅសេសសល់ឲ្យគង់វង្សជាបន្តទៀត៕

រូបភាព៖ គេហទំព័រក្នុងស្រុក