ព័ត៌មានទាន់ហេតុការណ៍៖

គ្រូជម្រើសជាតិប្រេស៊ីលច្រានចោលព័ត៌មានទៅកាន់ក្រុម Real Madrid

លោក Tite គ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលបានច្រានចោលព័ត៌មានដែលថា គាត់នឹងទៅដឹកនាំក្រុមយក្សអេស្ប៉ាញReal Madridដើម្បីជំនួសតំណែងរបស់លោក Zinedine Zidane។

ក្រុមReal Madrid ដែលជាម្ចាស់ជើងឯក Champions League ឆ្នាំ២០១៨នេះ កំពុងតែត្រូវការអ្នកចាត់ការទូទៅថ្មីក្រោយពេល Zinedine Zidaneសម្រេចចិត្តដើរចេញពីក្លិប។ កន្លងមកក៏មានព័ត៌មានដែលថា គ្រូបង្វឹកជម្រើសជាតិប្រេស៊ីលដែលមានវ័យ៥៧ឆ្នាំ កំពុងតែចរចាដើម្បីធ្វើអ្នកចាត់ការថ្មីរបស់ Real Madrid។

លោក Tite បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនដែលបាននិយាយជាមួយនឹង នរណាម្នាក់នៅក្នុងក្រុមReal Madridលើយ។ ព័ត៌មានដែលចុះផ្សាយខ្លះវាមិនពិត និងគ្រាន់តែជាការកុហកប៉ុណ្ណោះ។ បច្ចុប្បន្នខ្ញុំកំពុងតែផ្តោតអារម្មណ៍លើការងាររបស់ខ្ញុំ នៅក្នុងក្រុមជម្រើសជាតិប្រេស៊ីល”។

សូមបញ្ជាក់ថា តួនាទីអ្នកចាត់ការនៅ Real Madridកំពុងទំនេរ បន្ទាប់ពីលោក Zinedine Zidane បានចាកចេញក្រោយពីឈ្នះ Champions League លើកទី៣រដូវកាលជាប់ៗគ្នា៕ ដេវីត