ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្រៀនមកពីខេត្តតាកែវម្នាក់ដេកស្លាប់បន្ទាប់ពីត្រឡប់មកពីហូបការមិត្តភក្តិនៅកំពង់លែង

កំពង់ឆ្នាំង៖បុរសម្នាក់ដែលគេស្គាល់ថា គ្រូបង្រៀនមកពីខេត្តតាកែវ ត្រូវបានមិត្តភក្តិប្រទះឃើញស្លាប់ម្នាក់ឯង នៅក្នុងផ្ទះមិត្តភក្តិ ក្រោយត្រឡប់មកពីហូបការ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលដេកស្លាប់នេះ មានឈ្មោះកែវ នី អាយុ៣៥ឆ្នាំ មានមុខរបរជាគ្រូបង្រៀន រស់នៅឯភូមិខ្វាវ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ បុរសរូបនេះ ចូលរួមការមិត្តភក្តិ នៅក្នុងភូមិទំនប់ ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ បន្ទាប់ពីត្រឡប់ពីកន្លែងពិធីមង្គលការ បុរសគ្រូបង្រៀនរូបនេះ បានមកសម្រាកនៅផ្ទះ របស់ពួកម៉ាកម្នាក់ ឈ្មោះ វ៉ា សំអាត ជាមន្រ្តីអប់រំនៅស្រុកកំពង់លែង កាលពីយប់នោះ គ្រូបង្រៀនឈ្មោះ កែវ នី លោក វ៉ា សំអាត ដែលជាម្ចាស់ផ្ទះ និង ជាមិត្តភ័ក្តិ រហូតដល់ម៉ោង៩យប់ រួចបានចូលដេករៀងៗខ្លួន លុះដល់ម៉ោងប្រមាណជា៨ ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ ម្ចាស់ផ្ទះ បានដាស់ លោកកែវ នី ឲ្យក្រោកពីដំណេក ដើម្បីឲ្យរៀបចំធ្វើដំណើរឲ្យទាន់កាណូត ពេលទៅដាស់មិនឮឆ្លើយតបអ្វីទាំងអស់ ម្ចាស់ផ្ទះឆ្ងល់ ក៏ទៅពិនិត្យមើល ក៏ស្លាប់បាត់ទៅហើយ ធ្វើឲ្យមានការផ្អើលឆោឡោតែម្តង និង បានប្តឹងទៅសមត្ថកិច្ចឲ្យជួយពិនិត្យសាកសព ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីពិនិត្យសាកសព បានសន្និដ្ឋាន ករណីនេះ គឺអាចបណ្តាលមកពីបុរសរងគ្រោះ កើតជំងឺគាំងបេះដូង ដោយគ្មានអ្នកដឹង បណ្តាលឲ្យស្លាប់បែបហ្នឹងតែម្តង ក្រោយពីពិនិត្យសពរួចរាល់សមត្ថកិច្ចបានទាក់ទងក្រុមគ្រួសារឲ្យ មកយកទៅធ្វើបុណ្យតាមប្រពៃណីតែម្តង ៕ ចន្ថា