ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកថ្មី Real Madridថា កីឡាករ Gareth Bale ជាអ្នកជំនួស Cristiano Ronaldo

លោក Julen Lopetegui គ្រូបង្វឹកថ្មីរបស់ក្រុមReal Madrid បានថ្លែងលើកទឹកចិត្តដល់ កីឡាករ Gareth Baleថាជាតារាតែមួយគត់ដែលអាចជំនួសតំណែងរបស់Cristiano Ronaldoដែលបានចាកចេញទៅលេងឲ្យក្រុមសេះបង្កង់ Juventus។

មុនពេលចាកចេញរបស់Zinedine Zidane និងCristiano Ronaldo ក៏ធ្លាប់មានព័ត៌មានដែលថា Gareth Bale មានបំណងចេញពីទឹកដី Bernabeu របស់ក្លិបយក្សអេស្ប៉ាញReal Madrid ដែរ។ ព័ត៌មានខ្លះក៏បានអះអាងថា ក្លិបបិសាចក្រហម Manchester United ចង់បានកីឡាករអន្តរជាតិវេលវ័យ២៩ឆ្នាំរូបនេះ វិលត្រឡប់ទៅ កាន់ក្របខ័ណ្ឌកំពូលរបស់អង់គ្លេសវិញ។

លោកLopeteguiបាននិយាយប្រាប់អ្នកសារពត័មានក្នុងទីក្រុងMiamiសហរដ្ឋអាមេរិកថា “ពេលខ្ញុំចុះហត្ថលេខាធ្វើជាគ្រូបង្វឹកក្លិបReal Madrid កីឡាករCristiano Ronaldo នៅជារបស់ក្លិប នៅឡើយ។ តែគាត់បានបង្ហាញពីអារម្មណ៍ចាកចេញភ្លាមៗ។ ក្នុងនាមជាគ្រូបង្វឹក វាបានផ្តល់ឲ្យមានការប្រកួតប្រជែងខ្លាំងសម្រាប់កូនក្រុមពេលដែលអត់មាន Ronaldo។ ខ្ញុំដឹងថា មានកីឡាករម្នាក់ដែលសំខាន់បំផុតសម្រាប់ប្រវត្តិសាស្រ្តបាល់ទាត់យើងហើយគាត់ (Gareth Bale)នឹងលេងបានល្អទទួលជោគជ័យខ្លាំងក្នុងរដូវកាលខាងមុខនេះ” ។

បច្ចុប្បន្នមានព័ត៌មានជាច្រើនទាក់ទងនឹងការចង់បានរបស់ក្លិបReal Madrid ក្នុងការទិញកីឡាករល្បីៗមកពង្រឹងក្រុមដូចជា Neymar, Eden Hazard និង Kylian Mbappe ពិសេសអ្នកចាំទី Thibaut Courtois របស់តោខៀវ Chelsea ជាដើម។ ប៉ុន្តែលោក Lopetegui អះអាងថា គាត់ពេញចិត្តនឹងកូនក្រុមដែលមានហើយ ៕