ព័ត៌មានទាន់ហេតុការណ៍៖

គ្រូប្រដាល់កម្សត់លោក នួន ភារម្យ ត្អូញត្អែររឿងបណ្តាស្ថានីយទូរទស្សន៍មិនផ្តល់ឱកាសឲ្យកូនសិស្សចូលប្រកួត

ខេត្តកណ្ដាល៖ គ្រូប្រដាល់កម្សត់ម្នាក់ គឺ លោក នួន ភារម្យ ជាអតីតកីឡាករប្រដាល់ល្បីល្បាញមួយរូប ស្ថិតក្នុងសភាពយ៉ាប់យ៉ឺន លើកដៃអង្វរដល់ស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់ មេត្តាផ្តល់ឱកាសឲ្យកូនសិស្សបានឡើងប្រកួតផង ។ លោក ថា បច្ចុប្បន្នកំពុងប្រឈមនឹងការលំបាក ណាមួយត្រូវចំណាយថវិកាជួលដីសម្រាប់ធ្វើក្លឹបនៅឯក្រុងតាខ្មៅដែលមានលក្ខណៈតូចង្អៀត ជាងនោះទៅទៀត មានចម្ងាយ ពិបាកក្នុងការធ្វើដំណើរមកប្រកួតនីរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា កាលពីកន្លងទៅគាត់តែងតែបញ្ជូនកូនសិស្ស ឲ្យទៅចូលរួមផ្គូរផ្គងប្រកួត តាមស្ថានីយទូរទស្សន៍ជាច្រើនលើកច្រើនសារ តែមិនដែលមានឱកាសបានប្រកួតទេ ។ កត្តានេះធ្វើអោយក្លឹបប្រដាល់ដ៏កំសត់របស់លោកស្ទើរតែបិទទ្វារទៅហើយ។ លោកបន្តថា ព្រោះតែចង់អភិរក្សវិស័យគុនខ្មែរ ដែលជាកេរ្តិ៍តាំងពីដូនតាបន្សល់ទុកយូរលុងណាស់មកហើយ ទោះក្នុងកាលៈទេសៈណាក៏ដោយលោក មិនបោះបង់ដែរ ។

និយាយទាំងទឹកភ្នែករលីងរលោង និងគ្រាំចិត្តស្ទើរធ្លាយទ្រូង លោកគ្រូ នួន ភារម្យ ថា ” បើមិនផ្តល់ឱកាសឲ្យកូនសិស្សខ្ញុំបានឡើងរិញវាយដូចក្លឹបផ្សេងៗ សូមផ្តល់ឱកាសឲ្យគាត់ ដែល ជាគ្រូដែលមានវ័យជាង៤០ឆ្នាំ ឡើងវាយផងដើម្បីបានកម្រៃខ្លះចិញ្ចឹមជីវិត និងដំណើរការក្លឹបប្រដាល់ នេះ ទៅមុខទៀត។

NKD-36x6_outline

ក្នុងនោះដែរលោកគ្រូ នួន ភារម្យ សូមស្នើដល់សប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុកមេត្តាជួយ ឧបត្ថម្ភគាំទ្រដល់ក្លឹបប្រដាល់គាត់ផង ព្រោះបច្ចុប្បន្នកំពុងប្រឈមនិងការលំបាកណាមួយត្រូវចំណាយ ថវិកាជួលដីសម្រាប់ធ្វើក្លឹប នៅឯក្រុងតាខ្មៅដែលមានលក្ខណៈតូចង្អៀត ។ ជាងនោះទៅទៀត មានចម្ងាយ ពិបាកក្នុងការធ្វើដំណើរមកប្រកួតនៅរាជធានីភ្នំពេញ ។

ប្រសិនបើ សាធារណៈជន មានសទ្ធាជ្រះថ្លានិងចង់ជួយលោកគ្រូ នួន ភារម្យ សូមទំនាក់ទំនងលេខទូរស័ព្ទលោកគ្រូផ្ទាល់ តាមរយៈលេខ ៖ 012 43 5665 ៕ ចេស្តា