ព័ត៌មានទាន់ហេតុការណ៍៖

គ្រូពេទ្យស្ម័គ្រចិត្តកងទ័ពវៀតណាមខេត្តខាញ់ហ័រយោធភូមិភាគទី៥ មកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដោយមិនគិតថ្លៃ

ខេត្តស្ទឹងត្រែង៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកងទ័ពវៀតណាមខេត្តខាញ់ហ័រ យោធភូមិភាគទី៥ ដែលដឹកនាំគណ:ប្រតិភូដោយលោកវរ:សេនីយ៍ឯក ឡេ វ៉ាន់ជិញ ប្រធាននយោបាយយោធាខេត្ត បានចុះមកពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងភូមិចំការលើ ឃុំចុះការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥រោច ខែចេត្រ ឆ្នាំរការ នព្វស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៨ ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

នាឱកាសនោះលោកឡេ វ៉ាន់ជិញប្រធាននយោបាយយោធាខេត្តខាញ់ហ័របានឲ្យដឹងថា កម្ពុជាវៀតណាមជាប្រទេសមានភូមិផងរបងជាមួយ ដែលជាប្រទេសមានចំណងសាមគ្គីភាពជាយូរមកហើយ ហើយតែងតែជួយគ្នាក្នុងគ្រាលំបាក ។ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃកងទ័ពវៀតណាម បានមកជួយពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងភូមិ ឃុំខាងលើ ដោយឥតគិតថ្លៃ ដើម្បីសំដែងងនូវចំណងសាមគ្គីភាព ឲ្យកាន់តែស៊ីជំរៅថែមទៀត រវាងប្រទេសទាំងពីរ ។

ដោយឡែកក្នុងថ្ងៃនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះមកពិនិត្យជំងឺទូទៅរយ:ពេលពេញមួយថ្ងៃ ដោយមិនគិតថ្លៃ ព្រមទាំងមានអំណោយមួយចំនួនជូនដល់បងប្អូនកម្ពុជា នាឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិ ក្នុងពេលខាងមុខនេះផងដែរ ។

ក្នុងឱកាសនោះលោក ម៉ុម សារឿនអភិបាលខេត្ត និងអស់លោក លោកស្រី ដែលជាអភិបាលរងខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំចំការលើ សម្តែងនូវការរាប់អានរាក់ទាក់ និងត្រេកអរចំពោះគ្រូពេទ្យយោធាស្ម័គ្រចិត្តវៀតណាម ដែលបានចំណាយពេលវេលាដ៏មានតម្លៃជួយសង្គ្រោះ និងពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង។

លោកបន្តថា ទាំងនេះដោយសារតែប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អ ហើយប្រជាជនកម្ពុជាចាំមិនភ្លេចទេ វៀតណាម ដែលបានជួយស្រោចស្រង់ប្រទេសកម្ពុជាឲ្យរួចផុតពីអន្លង់មរណ: ក្នុងរបបខ្មែរក្រហមអស់រយ:ពេល3ឆ្នាំ 8ខែ និង20ថ្ងៃ ហើយបានដណ្តើមជ័យជំនះទាំងស្រុងមកវិញ នៅថ្ងៃ7 មករា ឆ្នាំ1979 ដែលជាកំណើតទីពីររបស់យើងទាំងអស់គ្នា ហើយដែលមានការតស៊ូពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ ។

លោកម៉ុម សារឿនអភិបាលខេត្តស្ទឹងត្រែងបានស្នើសុំឲ្យប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា កុំបីខាន ឲ្យសម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសបន្តទៅទៀត ដើម្បីភាពសម្បូរសប្បាយ រីកលូតលាស់ រុងរឿងជាបន្តទៅទៀត ៕ មាស សុផាត

NKD-36x6_outline