ព័ត៌មានទាន់ហេតុការណ៍៖

គ្រូព័រទុយហ្គាល់ថាមានអាវុធសម្រាប់ទម្លាក់ជើងខ្លាំងអ៊ុយរុយហ្គាយនៅវគ្គ១៦ក្រុមចុងក្រោយ

ក្រុមជម្រើសជាតិព័រទុយហ្គាល់មានឱកាសដឹកដៃអេស្ប៉ាញឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ដែលក្រុមទាំង២នេះស្ថិតក្នុងពូល B ។

ព័រទុយហ្គាល់ឈរលេងរៀងទី២ក្នុងពូលBត្រូវប៉ះនឹងក្រុមលេខ១នៅក្នុងពូលAគឺជម្រើសជាតិអ៊ុយរុយហ្គាយនៅថ្ងៃទី៣០ ខែមិថុនា ខាងមុខ។ ចំណែកអេស្ប៉ាញលេខ១ពូលB នឹងត្រូវជួបម្ចាស់ផ្ទះរុស្ស៊ីដែលឈរលេខរៀងទី២នៅក្នុងពូលA។

លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយ ហ្គាល់បាននិយាយក្រោយការប្រកួតចប់ជាមួយនឹងអុីរ៉ង់ថា “អី្វដែលសំខាន់យើងគួរយក ចិត្តទុកដាក់នោះគឺការប្រកួត មិនខ្វល់ថាប៉ះអ៊ុយរុយហ្គាយរឺម្ចាស់ផ្ទះនោះទេ។ រឿងដែលខុសគ្នារវាងក្រុមទាំង២នោះគឺម្ចាស់ផ្ទះមានអ្នកគាំទ្រច្រើន ចំណែកអ៊ុយរុយហ្គាយ មានកីឡាករល្អៗច្រើនហើយពួកគេលេងល្អណាស់។ សម្រាប់យើងព័រទុយហ្គាល់ ក៏មិនចាញ់ក្រុមទាំងនោះដែរគឺយើងមានអាវុធផ្ទាល់ខ្លួនរបស់យើងហើយនឹងព្យាយាមយកឈ្នះការប្រកួតឲ្យបាន” ។

ចំណែកគ្រូបណ្ដោះអាសន្នរបស់អេស្ប៉ាញលោក Fernando Hierro និយាយថា អេស្ប៉ាញពិតជាសំណាងណាស់ដែលអាចឈរកំពូលតារាងពូល B បន្ទាប់ពីវីដេអូជំនួយអាជ្ញាកណ្ដាល (VAR) ជួយរកយុត្តិធម៌ឲ្យក្រុមតាមស្មើម៉ារ៉ុក។ បាល់ប៉ះកែងជើងរបស់ Iago Aspas ចូលទីនៅនាទី៩០បូក បានកើតចម្រូងចម្រាសថា Off side ប៉ុន្តែក្រោយអាជ្ញាកណ្ដាលលើទីលានមើលតាម VAR ក៏សម្រេចថាឲ្យបាល់នោះចូលជាផ្លូវការ។ មួយគ្រាប់នេះជួយឲ្យអេស្ប៉ាញស្មើជាមួយម៉ារ៉ុក ២-២ គ្រប់គ្រាន់ឲ្យពួកគេឈរកំពូលតារាងពូល B ខណៈព័រទុយហ្គាល់ស្មើអ៊ីរ៉ង់ ១-១ដែរ ។

សូមបញ្ជាក់ថា ៦ក្រុមដែលឡើងទៅវគ្គ១៦ក្រុមចុងក្រោយរកឃើញហើយដោយអ៊ុយរុយ ហ្គាយប៉ះជាមួយព័រទុយហ្គាល់, អេស្ប៉ាញប៉ះជាមួយរុស្សុី, បារាំងប៉ះជាមួយអាហ្សង់ទីន និងដាណឺម៉ាកប៉ះជាមួយក្រូអាត។ នៅដល់១០ក្រុមទៀតដែលនឹងត្រូវប្រកួតជម្រុះតាម ពូល ដែលគ្រោងបញ្ចប់នៅចុងសប្តាហ៍នេះ ៕ ដេវីត