ព័ត៌មានទាន់ហេតុការណ៍៖

គ្រូល្ខោនខោល ទិត្យ សែនទទួលបានជំនួយពី ឱក សុគន្ធកញ្ញា

ភ្នំពេញ៖ មានការរភ្ញាក់ផ្អើល និងសរសើរពីទឹកចិត្តតារាចម្រៀងកញ្ញា ឱក សុគន្ធកញ្ញា បន្ទាប់ពីនាងបានសាកសួរសុខទុក្ខផ្តល់កម្លាំងចិត្ត និងផ្តល់ថវិកាចំនួន៥០០ដុល្លារអាមេរិកសម្រាប់សាស្ត្រាចាធ្វើឲ្យលោកសាស្ត្រាចារ្យទិត្យ សែន ជាគ្រូបង្ហាត់សិល្បៈផ្នែកល្ខោនខោល ដែលមានជំងឺសួតធ្ងន់ធ្ងរ ។

លោក នួន ឆៃឡូត មន្ត្រីបម្រើការងារនៅលាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាអ្នកផ្តួចផ្តើមចេញមុខអំពាវនាវរកថវិកាជូនសាស្ត្រាចារ្យ ទិត្យ សែន បានបញ្ជាក់ថា ក្រោយពីប្រកាសលើហ្វេសប៊ុកមានសិស្ស និងសិល្បករជាច្រើនបានចូលរួមចំណែកជួយដូចជាកញ្ញា ដួង ម៉ានិច, កញ្ញា សូដា នីតា លោក យ៉ែម សំអូន, លោក ឯម រាម, កញ្ញា បេប៊ី, អ្នកនាង គឹម លីហ្សា, កញ្ញា វីត វីត, អ្នកនាង សារ៉ាយ សក្កណា, កញ្ញា នី មុនីនាថ និងលោកសាយ សៀរ៉ា ជាដើម ។

លោកបញ្ជាក់ថា ចុងក្រោយដែលលោកទទួលបានគឺថវិកាកញ្ញា ឱក សុគន្ធកញ្ញា ដែលបានជួយដល់លោកគ្រូចំនួន៥០០ដុល្លារអាមេរិក ។ លោកថានេះមិនមែនលើកទីមួយទេឋ ដែលតារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ក្តុកក្តួល ចូលរួមសាកសួរសុខទុក្ខ និងជួយរំលែកការលំបាករបស់សិល្បករពិសេសសិល្បករចាស់ៗនៅសាលាវិចិត្រសិល្បៈ ។

លោកបញ្ជាក់ថា លោក ទិត្យ សែន ជាសាស្ត្រាចារ្យផ្នែកល្ខោនខោលជំនាញតួយក្សហើយ និងជាអ្នកដំឡើងរាល់ស្នាដៃរបស់សិស្ស ដែលកំពុងសិក្សានៅសាលាមធ្យមវិចិត្រសិល្បៈផ្នែកល្ខោនខោល ។ គាត់មានអាយុ៥៥ឆ្នាំ ដែលកន្លងមកលោក សាស្ត្រាចារ្យធ្លាប់ទៅព្យាបាលនៅប្រទេសវៀតណាម មិនបានវះកាត់ទេគឺបាញ់ថ្នាំគីមី ប៉ុន្តែមិនបានធូរស្រាលនៅឡើយ ។

លោកថា ពេលនេះលោកសាស្ត្រាចារ្យកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ។ លោកបញ្ជាក់ដែរថា ដោយសារជីវភាពខ្វះខាតខ្លាំង លោកបានសម្រេចចិត្តចេញមុខបង្ហោះពីស្ថានភាពជំងឺលោកគ្រូ និងប្រមូលថវិកាជួយដល់លោកគ្រូ ។

លោកបញ្ជាក់ថា នេះបង្ហាញពីទឹកចិត្តសប្បុរសធម៌មិនអាចកាត់ថ្លៃបានចំពោះសិល្បករ និងជាសាស្ត្រាចារ្យចាស់ៗគ្រាដែលកន្លងទៅ តារាស្រីរូបនេះ តែចេញមុខជួយដល់សិល្បករចាស់ៗជាច្រើនទៀត ។

លោកថា កញ្ញា ឱក សុគន្ធកញ្ញា ធ្លាប់សិក្សានៅសាលាវិចិត្រសិល្បៈ ហើយម្តាយនាងក៏ជាមន្ត្រីបម្រើការងារនៅសាលាវិចិត្រសិល្បៈដែរ ហើយបើទោះបីជាឱក សុគន្ធកញ្ញា ជាអតីតសិស្សផ្នែករបាំបុរាណមែន ប៉ុន្តែនាងមិនដែលភ្លេចលោកគ្រូអ្នកគ្រូចាស់នៅផ្នែកផ្សេងនោះដែរ ដែលនេះគឺជាទឹកចិត្ត និងជាគំរូមួយដ៏ល្អសម្រាប់សិល្បករដទៃ និងសិល្បករជំនាន់ក្រោយ ។ លោក នួន ឆៃឡូត បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធសូមមេត្តាជួយលើកទឹកចិត្តជ្រោមជ្រែងយិតយោងជីវភាពសិល្បករ និងសាស្ត្រាចារ្យផ្នែកបុរាណឲ្យរស់ក្នុងជីវភាពសមរម្ភ ព្រោះពួកគាត់ចំណាយពេលស្ទើរពេញមួយជីវិតដើម្បីបុព្វហេតុសិល្បៈដែលជាដួងព្រលឹង និងជាអត្តសញ្ញាញជាតិហើយសិល្បករ និងសាស្ត្រាចារ្យចាស់ៗក៏មិនមានច្រើននោះដែរ ដែលត្រូវចូលរួមលើកស្ទួយថែរក្សាមរតកមនុស្សរស់ទាំងអស់ ដើម្បីឲ្យពួកគាត់បន្តមានលទ្ធភាពជួយពង្រឹងបញ្ចេញស្នាដៃផ្នែកសិល្បៈខ្មែរបន្តទៅមុខ ។

លោកសង្ឃឹមដែរថា នឹងមានសប្បុរសជនជាច្រើនទៀតបន្តជួយលោកគ្រូល្ខោនខោល ទិត្យ សែន ដើម្បីជាកម្លាំងចិត្ត និងបន្តឲ្យស្ថានភាពសុខភាពរបស់លោកសាស្រ្តាចារ្យល្អប្រសើរឡើងវិញ ។

លោកបញ្ជាក់ដែរថា ទឹកចិត្តរបស់សិល្បករទាំងអស់បានធ្វើឲ្យលោកគ្រូរំភើបខ្លាំងបើទោះបីជាថវិកាទាំងនោះនៅមិនទាន់គ្រប់គ្រាន់សម្រាប់ការចំណាយទាំងស្រុងក្តី ។ លោកបន្តថា លោក សាស្រ្តាចារ្យ ទិត្យ សែន ពេលខ្លះជំងឺធ្វើទុក្ខខ្លាំងម្តង ស្ទើតែធ្វើឲ្យលោកគ្រូផុតដង្ហើម និងត្រូវការបំពាក់អ៊ុកស៊ីហ្សែនជាប្រចាំ ប៉ុន្តែពេលនេះស្ថានភាពលោកគ្រូហាក់ល្អប្រសើរបន្តិច គឺលោកគ្រូអាចនិយាយបានខ្លះផងដែរ៕ វឌ្ឍនា