ព័ត៌មានទាន់ហេតុការណ៍៖

គ្រូ Stoke City ជឿថាក្លិបរបស់គាត់នឹងវិលត្រឡប់មក Premier League វិញភ្លាមៗ

លោក Paul Lambert អ្នកចាត់ការទូទៅក្លិប Stoke City បានបង្ហាញពីជំនឿចិត្តយ៉ាងមុតមាំថាក្រុមរបស់គាត់នឹងវិលត្រឡប់មកកាន់ក្របខ័ណ្ឌអង់គ្លេសPremier Leagueវិញភ្លាមៗជាក់ជាមិនខាន។

ការលេង១០រដូវ​កាលនៅ Premier League ​របស់​ក្រុម Stoke City ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​ចាញ់​ក្នុង​​ទឹកដី​​​ខ្លួនឯងទល់​នឹង Crystal Palace ១-២។ក្រោយបរាជ័យ​ Stoke មាន​៣០​ពិន្ទុ និងនៅ​សល់​១​ប្រកួត​ទៀត​ប៉ុណ្ណោះ​ក្នុង​ដៃ ហើយ​ជា​ក្រុម​បាត​តារាង ខណៈ​ដែល Southampton និង Swansea ដែល​នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ប្រកួត​ចុងក្រោយ ក្នុង​ចំណោម​ក្រុម​ទាំង​នោះ​​សុទ្ធ​តែ​មាន​ពិន្ទុ​នាំ​មុខ​ក្រុម​របស់​លោក Paul Lambert ។

គួរបញ្ជាក់ថា Stoke ចាប់ផ្ដើម​រដូវកាល​​យ៉ាប់មែនទែន ស្ទើរ​តែ​មិន​ដែល​ស្គាល់​ពាក្យ​ថាឈ្នះ។ ការ​សម្រេច​ចិត្ត​បណ្តេញ​គ្រូ​បង្វឹក​គឺ​លោក​ Mark Hughes ត្រូវ​អូស​បន្លាយ​ពេល​រហូត​ដល់​ខែ​មករា ហើយ​នៅ​ពេល​ប្តូរ​មក​គ្រូ​បង្វឹក​បច្ចុប្បន្ន លោក Paul Lambert ក្រុម Stoke ស្គាល់​ពាក្យ​ឈ្នះ​តែ​ម្តង​គត់​ក្នុង​ចំណោម​ការ​ដឹកនាំ​១៤​ប្រកួត​របស់​គ្រូ​បង្វឹក​ថ្មី ៕