ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារពលករខ្មែរនៅកូរ៉េ៤គ្រួសារទទួលបានឱកាសចេញទៅជួបសាច់ញាតិតាមរយៈ PPCBank

ភ្នំពេញ៖ ជាក្តីរំភើប ដែលមិនអាចគណនាបាន ក្រោយពីក្រុមគ្រួសាររបស់ពលករខ្មែរ នៅប្រទេសកូរ៉េចំនួន៤គ្រួសារ មានឱកាសចេញទៅប្រទេសកូរ៉េ ដើម្បីជួបជាមួយសាច់ញាតិពួកគេដោយផ្ទាល់ ។ ជំនួបដ៏រីករាយនេះ បានធ្វើឡើងតាមរយៈកម្មវិធីចាប់ឆ្នោតផ្សងសំណាងមួយ ដែលរៀបចំសហការដោយ ធនាគារភ្នំពេញពាណិជ្ជ(PPCBank) នៅកម្ពុជា និងធនាគារឈុនបុក នៃប្រទេសកូរ៉េ ។

ការប្រកាសនេះ ធ្វើឡើងកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅស្នាក់ការធនាគារភ្នំពេញ ពាណិជ្ជ(PPCBank) គឺមុនពេល ដែលក្រុមគ្រួសារទាំង៤ចេញដំណើរពីកម្ពុជា ទៅជួបជុំគ្រួសារសាច់ញាតិជាពលករនៅប្រទេសកូរ៉េនៅយប់ថ្ងៃដដែលនេះ ។

លោក ស៊ីន ចាងម៉ូ (Shin Chang Moo) អគ្គនាយកនៃធនាគារភ្នំពេញពាណិជ្ជ(PPCBank) បានមានប្រសាសន៍ថា កម្មវិធីពិសេសនេះ ធ្វើឡើងដើម្បីផ្តល់ឱកាសលើកទឹកចិត្តឲ្យសមាជិកក្រុមគ្រួសារពលករ នៅប្រទេសកូរ៉េ មានឪពុក ម្តាយ ប្រពន្ធ កូន សរុប១១នាក់ បានជួបជុំគ្នាក្រោយពីបែកគ្នាអស់រយៈពេលយ៉ាងយូរ ដែលក្រុមគ្រួសារខ្លះ មានរហូតដល់ទៅ៤ឆ្នាំ ដែលពួកគេមិបានជួបគ្នាសោះ ។

លោកបញ្ជាក់ថា ឱកាសនេះ ពួកគាត់ទាំងអស់ក៏នឹងទទួលបានការទទួលខុសត្រូវលើការធានាការរ៉ាប់រងទាំងស្រុង លើថ្លៃធ្វើដំណើរ ការស្នាក់នៅ និងអាហារនៅទីនោះ ដោយបូករួមទាំងការធ្វើទស្សនកិច្ច ដំណើរកម្សាន្ត រយៈពេល៥ថ្ងៃ ។

ក្រៅពីនេះ ក៏មានកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដែលរៀបចំដោយធនាគារ ឈុនបុក នៅប្រទេសកូរ៉េ ជាអ្នករៀបចំរ៉ាប់រងទាំងស្រុងផងដែរ ។ លោកថា កាលពីឆ្នាំមុន ធនាគារធ្លាប់ផ្តល់ឱកាសឲ្យក្រុមគ្រួសារចំនួន៥គ្រួសារ ដើម្បីចេញទៅជួបជាមួយសាច់ញាតិពួកគេ ។

លោកបញ្ជក់ដែរថា សម្រាប់លក្ខខណ្ឌ ដែលអាចទទួលបានឱកាសនេះ គឺពលករនៅប្រទេសកូរ៉េ គាត់ត្រូវប្រើប្រាស់សេវាកម្មរបស់ធាគារ ឈុនបុក ហើយអ្វី ដែលជាគោលបំណងសំខាន់ គឺការជួបជុំមួយដ៏រំភើប ដែលកន្លងទៅ ធនាគារធ្លាប់ផ្តល់អាទិភាពសម្រាប់ក្រុមគ្រួសារ ដែលបែកគ្នាយូរ ដូចជាករណីប្រពន្ធម្នាក់នៅកម្ពុជា ដែលទើបនឹងរៀបការជាមួយស្វាមី ដែលជាជនជាតិខ្មែរ ដូចគ្នា ហើយបានធ្វើដំណើរទៅធ្វើការនៅប្រទេសកូរ៉េវិញ ក្រោយរៀបការរួចថ្មីៗ ។ លោករំពឹងថា ជំនួបជុំនេះ នឹងក្លាយជាជំនួបដ៏ពិសេស រំភើបរីករាយសម្រាប់ពួកគាត់ទាំងអស់គ្នា ។

អ្នកនាង ឡេង ចន្ធូ ដែលមានស្វាមីជាពលករផ្នែកគ្រឿងបន្លាស់រថយន្តនៅប្រទេសកូរ៉េ បានបញ្ជាក់ថា អ្នកនាងបានបែកស្វាមីអស់រយៈពេល៣ឆ្នាំមកហើយ ហើយពេលនេះ អ្នកនាង និងកូនប្រុស ពិតជារំភើប ដែលទទួលបានឱកាសចេញទៅជួបមុខស្វាមី និងឪពុក ដែលបែកគ្នាជាយូរមកហើយ ព្រោះតែស្វាមីមានកាតព្វកិច្ចធ្វើការងារចិញ្ចឹមគ្រួសារ ។

អ្នកនាងថានេះ គឺជាលើកទី១ ដែលនាងបានធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីដំណើរកម្សាន្តពិសេស គឺជួបស្វាមី ដែលបែកគ្នាអស់រយៈពេលជាង៣ឆ្នាំនោះ ។ អ្នកនាងបញ្ចាក់ដែរថា កម្មវិធីនេះពិតជាពិសេស ព្រោះតែក្រៅពីការផ្តល់សេវាកម្មដ៏ល្អរហ័សទាន់ចិត្ត ធនាគារបានផ្តល់នូវភាពរីករាយមិនអាចនឹងថ្លែងបាន ហើយជាពេលវេលា ដែលអ្នកនាងមិនអាចបំភ្លេចបាន៕ វឌ្ឍនា