ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារមួយបិទប្រឡាយទឹកនាំឲ្យទឹកចាល់លិចផ្ទះអ្នកភូមិ អាជ្ញាធរក្រុងដោះស្រាយមិនចេញ

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋអ្នកភូមិ បាននិយាយថា អាជ្ញាធរមូលដ្ឋានគួរមាន វិធានការចំពោះអ្នកចាក់ដីបិទប្រឡាយមេ ដើម្បីសាងសង់ផ្ទះហើយទុកចោលយូរ ពេកបណ្តាលឲ្យទឹកស្អុយលិចលង់ផ្លូវនិង ផ្ទះរបស់ពួកគាត់ ។

ស្ត្រីម្នាក់រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គុំ ជាប់ព្រំប្រទល់ជាមួយភូមិទ្រៀក សង្កាត់ សៀមរាប ក្រុងសៀមរាបបានឲ្យដឹងថា មានពលរដ្ឋមួយគ្រួសារ បានចាក់ដីលុប ប្រឡាយ ដើម្បីសាងសង់ស្ពានចូលមុខផ្ទះគាត់អស់រយៈពេលជាច្រើនថ្ងៃនៅតែមិនទាន់បើកទឹកមកវិញ ទើបធ្វើឲ្យទឹកស្អុយ លិចលង់ផ្លូវ និងផ្ទះរបស់ពួកគាត់អស់ជាច្រើនខ្នង។

ប្រភពបន្តថា អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់គួរមានវិធានការចំពោះអ្នក ចាក់ដីបិទប្រឡាយមេនេះផង ព្រោះអី កន្លងទៅពួកគាត់បានប្រាប់មេភូមិ និងចៅ សង្កាត់ស្វាយដង្គុំដែរ តែហាក់គ្មានដំណោះ ស្រាយជូនពួកគាត់សោះឡើយ។

ប្រភពបន្តទៀតថា ផ្លូវមួយខ្សែនេះ ពួកគាត់ជាអ្នកចូលរួមចាក់ដីជួសជុលឲ្យបានស្អាត និងមានភាពងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរទៅមក។

ទាក់ទិនករណីនេះដែរ ចៅសង្កាត់ស្វាយ ដង្គុំ លោក ហ៊ា ហាវ មិនអាចទាក់ទងសុំការ ពន្យល់បានទេ នៅរសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ។

យ៉ាងនេះក្តីលោក សូរ ប្លាតុង អភិបាល ក្រុងសៀមរាប បានទទួលដំណឹងកាលពី ប៉ុន្មានថ្ងៃមុនដែរដោយលោកបានឲ្យលោកមេភូមិ និងលោកចៅសង្កាត់ចុះទៅមើល​ដោយផ្ទាល់ និងបញ្ជាឲ្យយកគ្រឿងចក្រ កាយដីដែលគេចាក់បិទប្រឡាយនោះ ចេញវិញ ព្រោះលោកដឹងថា វាបានធ្វើឲ្យ​ប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋ។

លោកបន្តថា អស់រយៈពេលជិត១ សប្តាហ៍នេះ គឺនៅតែមានដំណឹងថា ទឹក នៅតែបន្តហូរលិចលង់ដដែល ។ លោក បន្ថែមថា ករណីនេះលោកនឹងឲ្យខាង អាជ្ញាធរក្រុងចុះទៅម្តង ព្រោះអីខាងភូមិ និងសង្កាត់ហ្នឹង មិនដោះស្រាយកង្វល់ឲ្យពលរដ្ឋបានទាន់ពេលនោះទេ។

គួរកត់សម្គាល់ផងដែរថា ករណីបិទ ប្រឡាយបង្ហូរទឹកឲ្យលិចលង់ផ្ទះអ្នកភូមិនេះ ត្រូវបានក្រុមពលរដ្ឋនាំគ្នារិះគន់ធ្ងន់ៗទៅលើអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់នោះថា ជាមន្ត្រីជាប់ត្រគាក ៕ សហការី