ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្ដបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ខេត្តកណ្ដាល៖ បុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូនឹងរថយន្ដបុកគ្នាពេញមួយទំហឹង កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ លើផ្លូវលេខ២០A ស្ថិតក្នុងភូមិអូរអណ្ដូង ឃុំបារគូស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកស្អាងកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរក្នុងស្ថានភាពស្រវឹងជោកជា ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1R-4660 ។ ចំណែករថយន្ដពុំស្គាល់ម៉ាក ដោយបន្សល់ទុកនៅកន្លែងកើតហេតុមានកាងពណ៌ស និងស្លាកលេខភ្នំពេញ 2AP-2722 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបររថយន្តគេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូស្ថិក្នុងស្ថានភាពស្រវឹងស្រាជោកជាំ ក្នុងទិសដៅពីកើតមកលិច លុះជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ បើកបរក្នុងទិសដៅច្រាស់គ្នា បានបុកគ្នាពេញមួយទំហឹង បណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់តែម្ដង រីឯអ្នកបើកបរថយន្ដបានបើករថយន្ដរបស់ខ្លួនបាត់ស្រមោល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយឡែកមធ្យោបាយ និងវត្ថុតាងពាក់ព័ន្ធត្រូវបានសមត្ថកិច្ចជំនាញយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស្អាងជ័យ