ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៧ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ អ្នកបើករថយន្តគេចខ្លួនបាត់

ខេត្តកំពង់ចាម ៖ យ៉ាងតិចមនុស្សពីរនាក់ស្លាប់ និងរបួសធ្ងន់ ដោយសារការបើកបរមិនគោរពច្បាប់ មិនប្រកាន់ស្តាំដៃ កើតឡើង រវាងរថយន្ត នឹងម៉ូតូ ។

នគរបាលចរាចរណ៍បានអោយដឹងថា ហេតុការណ៍នេះកើតនៅវេលាម៉ោង ១៩ និង១៥នាទី ថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៧ ស្ថិតនៅភូមិត្រពាំងថ្ម ឃុំក្រឡា ស្រុកកំពង់ សៀម ខេត្តកំពង់ចាម។

នគរបាលបានបន្តថា រថយន្តម៉ាក ហ្សូយហ្សូ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-5242 អ្នកបើកបរមិនស្គាល់ឈ្មោះ (រត់គេចខ្លួនពីកន្លែងកើតហេតុបាត់) ទិសខាងកើតទៅលិច ។ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ បានប៉ះជាមួយម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1J -1923 ទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ ជា ដាវុធ ភេទប្រុស អាយុ២១ឆ្នាំ និងរួមដំណើរដោយឈ្មោះ វ៉េង ដាវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

មន្ត្រីនគរបាលជំនាញចរាចរណ៍ដែលចុះមកវាស់វែងបានអោយ ដឹងថា ភាគីម៉ូតូទាំងពីរនាក់ ម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់ ។ ករណីនេះសមត្ថកិច្ចអះអាងថា មូលហេតុ គឺបណ្តាលមកពីអ្នកបើកម៉ូតូម៉ាកហុងដាសេ១២៥ បើកក្នុងល្បឿនលឿន ហើយមិនប្រកាន់ស្តាំទៀត ទើបបណ្តាលអោយមានមនុស្សស្លាប់១នាក់ និងរបួសធ្ងន់១នាក់ ។ ចំណែកម៉ូតូរងការខូចខាតកំរិតធ្ងន់ រីឯរថយន្តខូចខាតកំរិតស្រាល ។

បច្ចុប្បន្ន  វត្ថុតាងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់ ៕វណ្ណៈ