ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះទឹកជំនន់នៅជប៉ុនស្លាប់និងបាត់ខ្លួនកើនឡើងជិត១៣០នាក់

គ្រោះទឹកជំនន់បង្កឡើងដោយភ្លៀង ធ្លាក់ខ្លាំងនៅក្នុងប្រទេសជប៉ុនមិនធ្លាប់ មានក្នុងប្រវត្តិសាស្ត្រ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ជិត១៣០នាក់ហើយ និងមានអ្នកបាត់ខ្លួនជិត៧០នាក់ទៀត។ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែកក្កដានេះ ច្រើនជាង៣ដងបើប្រៀបធៀបនឹងឆ្នាំមុន។

ប្រភពព័ត៌មានបានឲ្យដឹងថា កម្លាំងជួយសង្គ្រោះដែលមានទាំងកម្លាំងទាហាន បានខិតខំទៅជួយដល់ពលរដ្ឋដែលរងការលិចលង់ជាប់គាំងនៅក្នុងផ្ទះដើម្បីនាំទៅកាន់តំបន់មានសុវត្ថិភាព។ មកទល់ពេល នេះ ចំនួនមនុស្សស្លាប់ដោយបំណាក់ដី និងគ្រោះទឹកជំនន់ ដែលបង្កើតដោយភ្លៀង ធ្លាក់ជោកជាំ នៅតាមតំបន់ភាគខាងលិច ប្រទេសជប៉ុន បានកើនដល់១១២នាក់ ហើយ។ ខណៈជនរងគ្រោះយ៉ាងតិច៣ នាក់កំពុងស្ថិតក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ និង៧៩នាក់ទៀតនៅបន្តបាត់ខ្លួន ដូច្នេះ ហើយចំនួនមនុស្សបាត់បង់ជីវិត អាចមាន ការបន្តកើនឡើងថែមទៀត។

ឆ្លើយតបចំពោះគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរមួយនេះ ប្រតិបត្តិការរុករក និងជួយ សង្គ្រោះ បាន និងកំពុងបន្តប្រព្រឹត្តទៅ យ៉ាងសកម្មជាទីបំផុតនៅតាមតំបន់រងគ្រោះខ្លាំងដូចជាខេត្តហ៊ីរ៉ូស៊ីម៉ា ដែលមាន មនុស្ស៤៤នាក់បាត់បង់ជីវិត ព្រមទាំង តំបន់មួយចំនួនទៀតរួមមានខេត្ត អូកាយ៉ា ម៉ា, អុីហ៊ីមី, ក្យូតូ, យ៉ាម៉ាហ្គូជី, ហ្វូគូកា, ខាហ្គូស៊ីម៉ា, ក្យូហ្គោ, ស្ស៊ីហ្គា, ជីហ្វូ, កូជី និងសាហ្គា។

សូមជម្រាបថា មនុស្សជាច្រើននាក់ ត្រូវគេជឿជាក់ថា កំពុងនៅជាប់គាំងក្នុង ផ្ទះរបស់ពួកគេ ដោយសារតែផ្លូវថ្នល់ត្រូវបានកាត់ផ្តាច់ និងជន់លិច ខណៈសេចក្តី បង្គាប់ឲ្យជម្លៀសខ្លួន ត្រូវបានដាក់ចេញ សម្រាប់ប្រជាជនជប៉ុនជិត៦លាននាក់ទៀត នៅតាមខេត្តចំនួន១៩៕ ម៉ែវ សាធី