ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឃាតកសម្លាប់ជនជាតិចិនជំរិតទារលុយត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យយកមកធ្វើត្រាប់ឡើងវិញ

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌបាននាំខ្លួនជនសង្ស័យដៃដល់ ដែលចាប់បុរសជនជាតិចិនជំរិតទារលុយតែមិនបាន ក៏សម្រេចចិត្តសម្លាប់នៅក្នុងផ្ទះសំណាក់យីហោតារាថ្នល់កោង ស្ថិតតាមបណ្តោយផ្លូវវេងស្រេង​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ ហើយបានយកទៅទំលាក់ចោលនៅស្ពានអ្នកលឿងទឹកដីខេត្តកណ្តាល ដើម្បីយកមកធ្វើត្រាប់ឡើងវិញ​ កាលពីវេលាម៉ោង៩និង៤០នាទី​ ព្រឹកថ្ងៃទី២១​ ខែមេសាឆ្នាំ២០១៧​ ។

លោក យឹម សារ៉ាន់​ អធិការនគរបាលខណ្ឌបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ LUO FENG អាយុ៣៥ឆ្នាំ ជាជនជាតិចិន ។ ចំណែកជនដៃដល់ជាជនជាតិចិនដូចគ្នាមានឈ្មោះ GAO KEYAN អាយុ៤០ឆ្នាំ ។ និងមានបក្ខពួកត្រូវជាសាច់ថ្លៃមានឈ្មោះ ម៉ុង ចំរើន អាយុ២១ឆ្នាំ ជនជាតិខ្មែរ។

សូមបញ្ជាក់ថា អំពើឃាតកម្មតាមរូបភាពចាប់ជំរិតទារប្រាក់ រួចសម្លាប់ចោលនេះ បានកើតឡើងតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្ទះសំណាក់ «ថ្នល់កោង» ក្នុងបុរីញូថោន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចហើយជនល្មើសទាំង២នាក់ បានដឹកសពជនរងគ្រោះតាមរថយន្ត បើករកទីតាំងទម្លាក់ចោល លុះដល់ស្ពានអ្នកលឿង ក្នុងទឹកដីខេត្តកណ្តាល ក៏សម្រេចបោះចោលសព ជនរងគ្រោះចូលទឹកតែម្តង។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា «បន្ទាប់ពីករណីនេះភ្លាម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងរបស់យើងសហការជាមួយ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ទាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ នគរបាលខេត្តក្រចេះ នគរបាលខេត្តព្រៃវែង និងកម្លាំងនគរបាលរបស់ខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បើកការស្រាវជ្រាវ រហូតតាមទៅចាប់ខ្លួនបានតែម្តងនៅព្រឹកមិញ ក្នុងខេត្តព្រះសីហនុ ទីកន្លែងដែលពួកគេបានលាក់ខ្លួនបន្ទាប់ពីប្រព្រឹត្តសកម្មភាព»។

លុះព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ ទើបនាំខ្លួនជនសង្ស័យមកចង្អុលបង្ហាញនិងធ្វើត្រាប់ឡើងវិញ​ រួចនាំយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់កាតាមច្បាប់ ៕ សុខាសែនជ័យ