ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកសម្លាប់ស្រ្តីម៉ាស្សាដោយសារភ្លើង​ប្រចណ្ឌ​ ត្រូវ​នគរបាល​បញ្ជូន​តុលាការ

ភ្នំពេញ​៖ ឃាតក​ដែល​សម្លាប់​នារី​ម៉ាស្សា​ព្រោះ​ភ្លើង​ប្រចណ្ឌ​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែ​មេសា​ ឆ្នាំ​២០១៨​ នេះ​ ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ចំការមន​ បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ។ ជនសង្ស័យ​កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់​លោក​ តុប​ ឈុនឡុង​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ច​ បាន​សន្និដ្ឋាន​ចោទប្រកាន់​លើ​ជនសង្ស័យ​ពីបទ​ឃាតកម្ម​គិត​ទុក​ជា​មុន​ តាម​មាត្រា​២០០នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ។

ជនសង្ស័យឈ្មោះ ហុង សុខហេង អាយុ៤១ឆ្នាំ ជាបុគ្គលិកហាងម៉ាស្សា KS កាន់ផ្នែកស្ទីមសូណា ស្នាក់នៅកន្លែងម៉ាស្សាតែម្តង នៅផ្លូវ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន​ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខណ្ឌមានជ័យ ស្រាវជ្រាវចាប់បាន​ នៅចំណុចវាលខ្សាច់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ កាលពីថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ​២០១៨​ ។

ចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា មូលហេតុដែលឈានដល់ហ៊ានសម្លាប់នារីជាសង្សារ ដោយសារប្រចណ្ឌ ដោយសារនារីរងគ្រោះចង់ចែកផ្លូវ និងឧស្សាហ៍និយាយសារសងគ្នារាល់យប់ តាមទូរស័ព្ទជាបុរសផ្សេង។

សូមបញ្ជាក់ថា ស្រ្តីរងគ្រោះបានស្លាប់ក្នុងផ្ទះជួលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ប្ដឹងទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុឡោមព័ន្ធ កាលវេលាម៉ោង៧ព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

សពមានឈ្មោះ សួង លីនណាហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានស្លាប់នៅជាន់ទី១ ។

សមត្ថកិច្ចត្រួតពិនិត្យសពស្រ្តីរងគ្រោះរួចសន្និដ្ឋានថា ជាករណីឃាតកម្ម ដោយសពមានសភាពបែកក្បាលពីមុខ និងក្រោយដោយប្រើខ្សែរឹតករួចយកបោកក្បាល និងឥដ្ឋការ៉ូ ទើបបណ្ដាលហូរឈាមពេញបន្ទប់៕ ចេស្តា