ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីប្រើប្រាស់ថ្នាំញៀន ដកហូតថ្នាំញៀន២កញ្ចប់តូច និងម៉ូតូ២គ្រឿង

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ជ្រោយចង្វា និងនគរបាលប៉ុស្ដិ៍ព្រែកលៀប ល្បាត ពួនស្ទាក់ក្នុងភូមិសាស្ត្រ រហូតឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យ៤នាក់ ជាបន្តបន្ទាប់ ក្រោយពីពួកគេទើបតែមកពីទិញគ្រឿងញៀន ដើម្បីយកទៅប្រើប្រាស់កាលពីយប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងមុខវត្តគៀនឃ្លាំង តាមបណ្ដោយផ្លូវជាតិលេខ ស្ថិតក្នុងភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វា និងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

លោក អ៊ុង សឿន អធិការរងទទួលផែនគ្រឿងញៀន ខណ្ឌជ្រោយចង្វា បានបញ្ជាក់ថា ក្រោយទទួលផែនការពីលោកវរសេនីយ៍ឯក សៀម សុត្ថាវុធ អធិការខណ្ឌ ក្នុងការសហការជាមួយកម្លាំងនគរបាលតាមបណ្ដាប៉ុស្ដិ៍ ដើម្បីយាមល្បាតរក្សាសន្តិសុខតាមគោលដៅនីមួយៗ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រនៅពេលរាត្រី ស្រាប់តែជួបប្រទះឃើញនិងគួរឲ្យសង្ស័យលើ ពួកគេទាំង៤នាក់ ដែលជិះម៉ូតូ២គ្រឿង ទើបធ្វើការឃាត់ត្រួតពិនិត្យ បានរកឃើញក្រាមសថ្លា ជាថ្នាំញៀន២កញ្ចប់តូច ខណៈទើបតែមកពីទិញ ដើម្បីយកទៅធ្វើសកម្មភាពប្រើប្រាស់ ដោយមិនទាន់ទាំងបានទៅដល់គោលដៅផង ក៏ត្រូវកម្លាំងជំនាញសហការបង្ក្រាបឃាត់ខ្លួនតែម្ដង។

លោក ស៊ឹម សាវ៉ាត នាយផ្នែកគ្រឿងញៀន ខណ្ឌជ្រោយចង្វា ក៏បានឲ្យដឹងផងដែរថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខាងលើមានឈ្មោះ ទី១៖ ឈ្មោះ ធិន ធូ អាយុ៣៥ឆ្នាំ ទី២៖ ឈ្មោះ ចាន់ វីរ៉ា អាយុ៣១ឆ្នាំ ជនសង្ស័យទាំង២នាក់ ជាកម្មករសំណង់ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពម៉ាកហុងដា សង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ១FD-១៥៣៦ និងស្នាក់នៅភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទី៣៖ ឈ្មោះ អាត លីន អាយុ១៨ឆ្នាំ ទី៤៖ ឈ្មោះ ជឿន រស្មី អាយុ១៧ឆ្នាំ ជនសង្ស័យទាំង២នាក់ មានមុខរបរជាកសិករ បានជិះម៉ូតូ១គ្រឿង ធ្វើសកម្មភាពម៉ាកវីវ៉ា ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ១BQ-៥៥០៧ និងស្នាក់នៅភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

NKD-36x6_outline

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបញ្ជូនមកសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌជ្រោយចង្វា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕ ជ្រោយពេជ្រ