ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួននបរទេសអន្តោប្រវេសន៍វៀតណាម១៥នាក់នៅច្បារអំពៅ

ភ្នំពេញៈ ដើម្បីធានាបានលើកការងារគ្រប់គ្រងជនបរទេស អន្តោប្រវេសន៍ចូលមកស្នាក់នៅ និងធ្វើការក្នុងប្រទេសកម្ពុជា ឲ្យមានប្រសិទ្ធភាព កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការជាបន្តបន្ទាប់ ចុះត្រួតពិនិត្យជនបរទេស អន្តោប្រវេសន៍ នៅទូទាំងប្រទេស អ្វីដែលជាការកត់សម្គាល់តាមរយៈលទ្ធផល ដែលក្រុមការងារអន្តោប្រវេសន៍ បើកប្រតិបត្តិការកន្លងមក រកឃើញជនអន្តោប្រវេសន៍បរទេសខុសច្បាប់ច្រើជាងគេ គឺជនជាតិវៀតណាម ។

ថ្មីៗនេះ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្តសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដោយមានការសម្របសម្រួលពីលោកសៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យផ្ទះជួលមានទីតាំង នៅតាមបណ្តោយផ្លូវលេខ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពីទី២ ខណ្ឌច្បារអំពៅ ។

ជាលទ្ធផលកម្លាំងចម្រុះបានឃាត់ខ្លួនជនជាតិវៀតណាម១៥នាក់ ស្រី៦នាក់ ដែលចូលមកស្នាក់នៅរកស៊ី និងធ្វើការខុសច្បាប់ ពោលគឺគ្មានឯកសារត្រឹមត្រូវតាមនីតិវិធី ដែលមានចែងនៅក្នុងច្បាប់អន្តោប្រវេសន៍ ។

លោកគឹម រតនា អធិការរងនគរបាលខណ្ឌច្បារអំពៅទទួលការងារអន្តោប្រវេសន៍បានឲ្យដឹងថា បន្ទាប់ពីរកឃើញថា ជនជាតិវៀតណាមទាំង១៥នាក់ចូលមកធ្វើការរកស៊ី និងស្នាក់នៅខុសច្បាប់រួចមក ជនបរទេសអន្តោប្រវេសន៍ទាំង១៥នាក់ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបំពេញបែបបទបញ្ជូនទៅសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សុំការសម្រេចជាចុងក្រោយបញ្ជូនខ្លួនទៅកាន់ប្រទេសដើមវិញ ៕ សណ្តោស