ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន៨នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន សហការគ្នាចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងរក្សាទុកជួយដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨នាក់ជាបន្តបន្ទាប់ នៅស្រុកវាលវែង និងស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងដែរថា នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្រាំរងៀង ឃុំអន្លង់រាប ស្រុកវាលវែង កម្លាំងធ្វើការបង្រ្កាបមុខសញ្ញារក្សាទុកប្រើប្រាស និងចែកចាយ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០៣នាក់ ទី១ ឈ្មោះ សេង មិនា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ទី២ ឈ្មោះ ទីន ចេក ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង និងទី៣ ឈ្មោះ ផេង សារ៉ាត់ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់ភូមិ.ឃុំកើតហេតុខាងលើ។ លោក បន្តថា ចំពោះជនសង្ស័យជាមុខសញ្ញារក្សាទុកប្រើប្រាស់ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន បាននាំយកមកបន្តនីតិវិធីនៅអធិការដ្ឋាននគរបាលស្រុកវាលវែង លទ្ធផល៖ ក្នុងការធ្វើតេស្តទឹកនោម(វិជ្ជមាន)។

ដោយឡែក៖ នៅព្រឹកថ្ងៃទី១៤ ខែឆ្នាំដដែល ស្ថិតក្នុងភូមិទៀនភ្លើង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់វិញ ត្រូវបានលោក វរសេនីយ៍ឯក ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរប្រាប់ឲ្យដឹងដែរថា កម្លាំងធ្វើការបង្រ្កាបមុខសញ្ញារក្សាទុកប្រើប្រាសចំនួន ០៥នាក់ផងដែរ ទី១ ឈ្មោះ ម៉ម វណ្ណី ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ទី២ ឈ្មោះ ឯម វុទ្ធី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ទី៣ ឈ្មោះ យុំ គា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទី៤ ឈ្មោះ សាយ វណ្ណសា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ និងទី៥ ឈ្មោះ ហុង រតនា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង ៤នាក់នេះ បច្ចុប្បន្ន រស់នៅភូមិទៀនភ្លើង ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ឯកបន្តទៀតថា ជនសង្ស័យជាមុខសញ្ញារក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកក្រគរ លទ្ធផល៖ ក្នុងការធ្វើតេស្តទឹកនោម(វិជ្ជមាន) ហើយបានធ្វើកំណត់ហេតុកិច្ចសន្យាអប់រំតាមការស្នើសុំពីអាណាព្យាបាលមកធានា ៧ថ្ងៃក្រោយពួកខ្លួនមកធ្វើតេស្តចំពោះមុខសមត្ថកិច្ចម្តងទៀត បើមានពួកខ្លួនទទួលទោសតាមច្បាប់៕ ប៉ឹម ពិន