ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្នាក់ រួមទាំងវត្ថុតាង និងសម្ភារពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តពោធិ៍សាត់៖ កម្លាំងប្រឆាំងគ្រឿងនៃអធិការដ្ឋាននគរបាលស្រុកបាកាន ប៉ុស្តិ៍រដ្ឋបាលស្នាព្រះ សហការគ្នាចុះឡោមព័ទ្ធលំនៅដ្ឋានគ្មានមនុស្សនៅមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងវត្ថុតាង និងសម្ភារផងដែរ ដោយជាប់ពាក់ព័ន្ធក្នុងករណីរក្សាទុក ប្រើប្រាស និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន ។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង១០ និង១៣នាទីព្រឹក ថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុចលំនៅដ្ឋានគ្មានមនុស្សនៅមួយកន្លែង ស្ថិតក្នុងភូមិក្រពើរោទ៍រ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍នគរបាលស្រុកបាកានឃើញថា មុនដំបូងកម្លាំងធ្វើការបង្រ្កាប់បានជនសង្ស័យជាប់ពាក់ព័ន្ធម្នាក់ឈ្មោះ ផា សុភ័ក ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអារ៉ែន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ២កញ្ចប់ ថង់ និងម៉ូតូចំនួន ១គ្រឿងម៉ាក អីុចសង់ទ័រ ពណ៏ខៀវ គ្មានស្លាកលេខ ។

ក្នុងរបាយការណ៍បន្តថា បន្ទាប់មកសុំការអនុញាតិពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីធ្វើការឆែកឆេលំនៅដ្ឋានដែលគ្មានមនុស្សនៅនោះ ដោយរកឃើញ និងបានធ្វើការដកហូតបន្តរួមមាន ជញ្ជីងសង្ស័យសម្រាប់ថ្លឹងសារធាតុញៀនចំនួន ១គ្រឿង ទុយោចំនួន ០១ដុំ ថង់តូចៗសង្ស័យសម្រាប់ច្រកសារធាតុញៀនចំនួន ០១ថង់ធំ ក្រដាស់អាលុយមីញ៉ូមចំនួន ០១ដុំ ដែកកេះ ០១ បារី ០១កញ្ចប់ ទូរស័ព្ទដៃម៉ាក ណូគា ចំនួន ០៤គ្រឿង(ខូចចំនួន ០៣គ្រឿង) កាំភ្លើងស្នប់ចំនួន ០១ដើម និងម៉ូតូចំនួន ១គ្រឿងទៀតម៉ាក យ៉ាមាហា ។

របាយការណ៍ដដែលបន្តទៀតថា ជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញសំណំបែបបទបញ្ជូនបន្តតាមនីតិវិធី នៅការិយាល័យជំនាញគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ប៉ឹម ពិន