ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនស្រ្តីម្ចាស់ហាងម៉ាស្សាកោសជប់ធ្វើសសៃសង្ស័យបង្កប់សេវាផ្លូវភេទ

ខេត្តពោធិ៍សាត់៖ ដោយមានការសម្របសម្រួលពីលោកព្រះព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញមន្ទីរយុត្ធិធម៌ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានចុះបង្រ្កាបទីតាំងសញ្ជកម្មមួយកន្លែង សង្ស័យមានបង្កប់សេវាផ្លូវភេទ ក្នុងនោះកម្លាំងឃាត់ខ្លួនស្រ្តីម្ចាស់ហាង និងនារីៗចំនួន ៤នាក់ រួមទាំងវត្ថុតាងផ្សេងៗផងដែរ ។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចទីតាំងសញ្ជកម្មបម្រើផ្លូវភេទមួយកន្លែង ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់ខ្លួនម្ចាស់ហាង ស្រីម៉ាន់ ម៉ាស្សា ម៉ាស្សាប្រេង កោសជប់ ឈ្មោះ គាវ ស្រីម៉ាន់ ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ សង្កាត់កើតហេតុ មានទីលំនៅភូមិដោប ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ។ ក្នុងកិច្ចប្រតិបត្តិការបានរកឃើញ និងដកហូតនូវវត្ថតាងរួមមាន ស្រោមអនាម័យប្រើប្រាស់រួចចំនួន ០១ និងមិនទាន់ប្រើប្រាស់មួយចំនួន រួមទាំងកែវជប់មួយកញ្ច្រែង និងជនរងគ្រោះចំនួន ០៤នាក់ផងដែរ។

ប្រភពព័ត៌មានខាងលើបន្តថា នារីៗជាជនរងគ្រោះទី១ ឈ្មោះ ផ សម អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ, ទី២ ឈ្មោះ គ ភ អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ, ទី៣ ឈ្មោះ ហ ធរ អាយុ ២០ឆ្នាំ និងទី៤ ឈ្មោះ ស ឡអ អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ។

ប្រភពដដែលបន្តទៀតថា ចំពោះជនសង្ស័យជាម្ចាស់ហាងឈ្មោះ គាវ ស្រីម៉ាន់ និងនារីៗរងគ្រោះបានបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដើម្បីបំពេញសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ដោយឡែក៖ ម្ចាស់ហាងយីហោ(ស្រីម៉ាន់ ម៉ាស្សា) បានបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ចាត់ការបន្ត ៕ ប៉ឹម ពិន