ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ២នាក់នៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ សមត្ថកិច្ចនគរបាលស្រុកវាលវែងឃាត់ខ្លួនអ្នកសារព័ត៌មានអនឡាញ(TNM ) ២នាក់ តាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា និងក្រុមហ៊ុន MDS លោក ឧកញ៉ា ទ្រីភាព សង្ស័យជាប់ពាក់ព័ន្ធក្នុងករណីញុះញង់ និងផ្សព្វផ្សាយពត៌មានមិនពិត។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍នគរបាលស្រុកវាលវែងឃើញថា អ្នកសារព័ត៌មានទាំងពីររូបត្រូវបាននគរបាលឃាត់ខ្លួនទី១ ឈ្មោះ មិន ផុន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដីក្រហម ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកសារព័ត៌មានអនឡាញ(TNM) និងទី២ ឈ្មោះ សារៈ ដារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកសារព័ត៌មានអនឡាញ (TNM)ដូចគ្នា។

របាយការណ៍ខាងលើបន្តថា ការដែលឃាត់ខ្លួនអ្នកសារព័ត៌មានទាំងពីរនាក់ខាងលើនេះ គឺអនុវត្តន៍ឡើងតាមបណ្ដឹងរបស់អាជ្ញាធរឃុំថ្មដា ក្រុមហ៊ុន MDS របស់លោក ឧកញ៉ា ទ្រីភាព និងបទបញ្ជាលោកព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយដាក់ការសង្ស័យលើអ្នកសារព័ត៌មាន(TNM)ទាំង២រូប បទញុះញង់ និងផ្សព្វផ្សាយពត៌មានមិនពិត ទោះជាប្រភពពីរបាយការណ៍នគរបាលស្រុកវាលវែងលើកឡើងបែបខាងលើនេះក្តី បុគ្គិលិកមជ្ឈមណ្ឌលសារព័ត៌មាន(នគរវត្ត)មិនទាន់អាចស្វែងរកសុំការពន្យល់ពីអ្នកសារព័ត៌មានទាំងនោះបាននៅឡើយនោះទេ។

ដោយឡែក៖ លោក វរសេនីយ៍ឯក ធាង ឡេង អធិការនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះថា ចំពោះជនសង្ស័យអ្នកសារព័ត៌មានទាំង ២នាក់ កំពុងរៀបចំបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី ៕ ប៉ឹម ពិន