ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

ឃាត់រថយន្តធុនដ្រាដេញបុកប្អូនប្រុសនាយ ពែកមី បានហើយតែម្ចាស់គេចបាត់

ភ្នំពេញ ៖ លោកអនុសេនីយ៍ឯក ហាក់ ប៊ុន ថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ បានប្រាប់អ្នកកាសែតថា ចំពោះរថយន្ដ ម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ 2AP- 0198ដែលបានបើកដេញបុកម៉ូតូប្អូនប្រុសនាយពែកមី បណ្ដាលឲ្យភ័យស្លន់ស្លោទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់ រហូតក្អួតធ្លាក់ឈាមនោះត្រូវកម្លាំងនគរ បាលឃាត់បានរថយន្ដហើយកាលពីល្ងាច ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ នៅឯគេហដ្ឋានរបស់ជនសង្ស័យ ស្ថិតក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ ទី១ ខណ្ឌឫស្សីកែវ តែម្ចាស់រថយន្ដរត់គេចខ្លួនបាត់ទៅហើយ ។

លោកមេប៉ុស្ដិ៍ច្រាំងចំរេះទី២បានបញ្ជាក់ថា ជនសង្ស័យជាមន្ត្រីនគរបាលនៅខណ្ឌឫស្សីកែវ ហើយត្រូវបានផ្លាស់ចេញទៅការិយាល័យចរាចរណ៍នៃស្នងការនគរបាល រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា ការឃាត់រថយន្តខាងលើនេះបន្ទាប់ពីតារាកំប្លែងនាយពែកមី បានចេញមុខមកស្នើសុំឲ្យសមត្ថកិច្ចខណ្ឌឫស្សីកែវក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជួយ រកយុត្តិធម៌ឲ្យប្អូនប្រុសក្រោយពីរថយន្ដ ម៉ាកធុនដ្រា ពណ៌ស ពាក់ស្លាកលេខ2AP- 0198បើកដេញបុកបណ្ដាលឲ្យទៅបុកនឹងជញ្ជាំងផ្ទះប្រជាពលរដ្ឋរងរបួសធ្ងន់រហូត ក្អួតធ្លាក់ឈាម។ រីឯអ្នកបើករថយន្ដបើករត់ គេចខ្លួនបាត់ស្រមោលតាំងពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ពោលគឺរយៈពេល ១០ថ្ងៃមកហើយនៅពុំទាន់រកឃើញជនបង្ក និងគ្មានដំណោះស្រាយណាមួយទាល់តែ សោះ ។

តាមរយៈវីដេអូឃ្លីបរបស់តារាកំប្លែង នាយពែកមីដែលបានបង្ហោះសារនៅលើ បណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកបានលើកឡើងថា «បាទខ្ញុំបាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាម ដានវីដេអូឃ្លីបទាក់ទងទៅនឹងករណីមាន រថយន្ត១គ្រឿងដេញបុកម៉ូតូប្អូនប្រុសរបស់ខ្ញុំធ្វើឲ្យគ្នាភ័យស្លន់ស្លោទៅដល់បុករបង ផ្ទះប្រជាជនរងរបួសយ៉ាងធ្ងន់ធ្ងរមកទល់ពេលនេះតាំងពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០១៨ មកដល់ថ្ងៃទី១៩មានរយៈពេល៩ ថ្ងៃហើយៗប្អូនប្រុសរបស់ខ្ញុំកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតរងរបួសធ្ងន់ធ្ងររយៈពេល៩ថ្ងៃមកនេះទៅជាក្អួតមកសុទ្ធតែឈាម ឥឡូវពួកខ្ញុំព្រួយបារម្ភអស់សង្ឃឹមក្នុងមន្ទីរពេទ្យកាល់ម៉ែតគម្រោង នឹងបញ្ជូនទៅប្រទេសវៀតណាមដើម្បី ព្យាបាលបន្ត ។

ករណីនេះពួកយើងខ្ញុំក៏បានដាក់ពាក្យបណ្ដឹងទៅប៉ូលិសខណ្ឌឫស្សីកែវជួយរកយុត្តិធម៌ជូនប្អូនប្រុសខ្ញុំ ប៉ុន្តែមកទល់ពេល នេះប៉ូលិសមិនទាន់ដោះស្រាយនៅឡើយទេ៩ថ្ងៃហើយ។ អ៊ីចឹងខ្ញុំបាទចេញវីដេអូនេះ សូមអំពាវនាវបងៗសមត្ថកិច្ចខណ្ឌឫស្សីកែវក៏ដូចជាសមត្ថកិច្ចខាងលើៗទៀត សូម មេត្តាជួយអន្តរាគមន៍ ជួយរកយុត្តិធម៌ជូន ប្អូនប្រុសខ្ញុំផងបាទ» ។

ជាមួយនឹងការបង្ហោះសារវីដេអូឃ្លីប តារាកំប្លែងនាយពែកមីក្នុងការស្នើសុំឲ្យ បងៗសមត្ថកិច្ចខណ្ឌឫស្សីកែវក៏ដូចជា សមត្ថកិច្ចខាងលើៗទៀត សូមមេត្តាជួយ អន្តរាគមន៍ជួយរកយុត្តិធម៌ជូនប្អូនប្រុស របស់លោកនៅលើបណ្ដាញសង្គមហ្វេសប៊ុកខាងលើនេះគេសង្កេតឃើញគណនីហ្វេសប៊ុកផ្លូវការរបស់អធិការដ្ឋាននគរ បាលខណ្ឌឫស្សីកែវបានបង្ហោះសារឆ្លើយតបយ៉ាងដូច្នេះថា៖

«ជម្រាបជូនលោកពែកមី ក៏ដូចសាធា រណជនមេត្តាជូនជ្រាប!

ចំពោះករណីដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែឧសភានោះ សមត្ថកិច្ចខណ្ឌ ឫស្សីកែវនិងប៉ុស្តិ៍នគរបាលរដ្ឋបាលបាន និងកំពុងខិតខំជំរុញលើវិធានការជំនាញទាំងនីតិវិធី និងប្រតិបត្តិការតាមប្រសាសន៍ដឹកនាំនិងបទបញ្ជារបស់នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមក្រុមគ្រួសារ ជនរងគ្រោះក៏ដូចសាធារណជនមេត្តាផ្តល់ទំនុកចិត្តលើសមត្ថកិច្ចយើងខ្ញុំ ។

ក្រោយកើតហេតុ និងសាកសួរស្រាវជ្រាវ តាមពាក្យបណ្ដឹងនូវហេតុការណ៍ខាងលើនេះលោកអនុសេនីយ៍ឯក ហាក់ ប៊ុនថន នាយនគរបាលប៉ុស្ដិ៍ច្រាំងចំរេះទី២ ខណ្ឌ ឫស្សីកែវបានបង្ហាញតាមរយៈរបាយការណ៍ឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ាល់ សុវណ្ណ មករា ហៅគី ភេទប្រុស អាយុ៣២ឆ្នាំ ជន ជាតិខ្មែរអ៊ិស្លាម មុខរបរលក់ដូរ ស្នាក់នៅ បុរីវិមានភ្នំពេញ ក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ រីឯជនរង គ្រោះឈ្មោះ សាលីម ហ្វាវីត ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម»។

របាយការណ៍របស់លោកអនុសេនីយ៍ ឯកហាក់ ប៊ុនថន នាយនគរបាលប៉ុស្ដិ៍ច្រាំង ចំរេះទី២បានឲ្យដឹងថា ជនរងគ្រោះបើក ម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្មាស់ចូលទៅផ្ទះ តាមផ្លូវបុរីពិភពថ្មីអាងទឹក។ ភ្លាមៗនោះ ស្រាប់តែអ្នកបើកបររថយន្ដធុនដ្រាបានបើកយ៉ាងលឿនដេញពីក្រោយម៉ូតូម៉ាកស៊ុយហ្សុ៊យគីស្មាស់បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្មាស់ទៅបុកនឹងរបងទ្វារផ្ទះដួលតែម្ដង។ ចំណែកអ្នកបើកបររថយន្ដធុនដ្រាក៏បើក បត់ស្ដាំគេចខ្លួនតែម្ដង ៕ ហេង នរិន្ទ្រ