ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​រថយន្ត​ដែល​បេីកបរ​ដោយ​ជនជាតិ​ចិន​ គ្មាន​ច្បាប់​​ចំនួន​៧គ្រឿង

ខេត្ត​ព្រះសីហនុ៖ ព័ត៌មាន​ប្រចាំថ្ងៃ​របស់​ស្នង​ការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា៖ នៅ​វេលា​ម៉ោង​២និង៣០​នាទី​រំលងអធ្រាត្រ ឈាន​ចូល​ ថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ​ ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ និង​ បទ​បញ្ជា​របស់​ លោកឧត្តមសេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាលខេត្តព្រះ​សីហនុ​ នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ ពៅ​ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក​ បាន​​រឹតបន្តឹង​ ការ​អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ក្នុង​ទីប្រជុំជន​ក្រុង​ ចំនួន​ពីរ​កន្លែង៖

គោលដៅ​ទី១​ នៅ​រង្វង់​មូល​តោ​ពីរ​សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​។

គោលដៅ​ទី​២​ លើវិថី២ធ្នូ​ កែង​ច្រមុះ​ជ្រូក​បូរី​គុជ​អាស៊ី​ ក្រុងព្រះសីហនុ​ ។

ជា​លទ្ធផល​បាន​រក​ឃើញ​ និង​ ឃាត់ទុក​រថយន្ត​ចំនួន​៧គ្រឿង​ ដែល​បេីក​បរ​ ដោយ​ជន​ជាតិ​ចិន​ គ្មាន​ច្បាប់​អនុញ្ញាត​ និង​មាន​ប័ណ្ណ​បេីកបរ​ ពុំ​ត្រឹម​ត្រូវ​ រថយន្ត​ទាំង​៧​គ្រឿង​មាន​ ៖

១-ម៉ាក​ HYUNDAI ពណ៌​ស​ ស្លាកលេខ ព្រះសីហនុ ​2A-7593។

២-ម៉ាក​ HIGHLANDER ពណ៌ស ស្លាកលេខ ភ្នំពេញ ​2S-0691 ។

៣-ម៉ាក​ HIGHLANDER​ ពណ៌​ស​ ស្លាកលេខ ភ្នំពេញ ​2L-1456 ។

៤-ម៉ាក​ HYUNDAI ពណ៌ស ស្លាកលេខ ភ្នំពេញ ​2AQ-2076 ។

៥-ម៉ាក​ HYUNDAI ពណ៌ស ស្លាកលេខ ព្រះសីហនុ ​2A-9673 ។

៦-ម៉ាក​ HYUNDAI H1 ពណ៌ ប្រផេះ​ គ្មានផ្លាកលេខ​ ។ ៧-ម៉ាក​ LEXUS​ RX​300 ពណ៌ស​ ស្លាកលេខ ភ្នំពេញ ​2AF-9312 ។

រថយន្ត​ទាំងអស់​ បើកបរ​ដោយ​ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ និង​មាន​បណ្ណ​បើក​បរ​ មិន​ត្រឹម​ត្រូវ​ មិន​អនុញ្ញាត​ឲ្យ​ធ្វេី​ចរាចរ​តាម​ផ្លូវ​សាធារណៈ​ និង​បាន​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ឆ្លាម សមុទ្រ