ព័ត៌មានទាន់ហេតុការណ៍៖

ឃើញសមត្ថកិច្ចដាក់គោលដៅត្រួតពិនិត្យបោះគ្រឿងញៀនចោល ជាប់ខ្នោះដៃល្មម

ខេត្តពោធិ៍សាត់៖ បុរសចំនួន ២នាក់សង្ស័យជាប់ពាក់ព័ន្ធករណីរក្សាទុក និងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ខណៈពួកគេបានបោះចោលនូវវត្ថុតាងសង្ស័យជាសារធាតុញៀន នៅគ្រា ដែលកម្លាំងសមត្ថកិច្ចចម្រុះដាក់គោលដៅដើម្បីត្រួតពិនិត្យបទល្មើសផ្សេងៗ លើកំណាត់ផ្លូវជាតិលេខ៥ ។

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅវេលាម៉ោង៥និង២៥នាទី ល្ងាចថ្ងៃសៅរ៍ ៦រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវលេខ៥ ស្ថិតក្នុងភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកម្លាំងនៅគោលដៅនោះបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួន ទី១ ឈ្មោះ សុខ គា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រសនៅភូមិ.ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងទី២ ឈ្មោះ ស្រី ថាវ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រសនៅភូមិ.ឃុំជ្រៃជាមួយគ្នា។

ក្នុងនោះកម្លាំងដកហូតនូវវត្ថុតាង និងសម្ភាររួមមាន ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ចំនួន ២.៤១ក្រាម និងម៉ូតូចំនួន ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ។ល។

ប្រភពបន្តទៀតថា ការដែលឃាត់ខ្លួនជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាង និងសម្ភារខាងលើនេះ នៅគ្រាដែលពួកគេឃើញកម្លាំងកំពុងត្រួតពិនិត្យនៅគោលដៅ ក៏បានដកកញ្ចប់បារីពីហោប៉ៅរបស់ខ្លួនបោះចោលទៅលើដី ដោយមានការសង្ស័យសមត្ថកិច្ចក៏ទៅរើសយកមកមើលឃើញវត្ថុតាងនោះ ទើបឃាត់ខ្លួនជាបណ្ដោះអាសន្នរួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបន្តនីតិវិធី ៕ បឹុម ពិន