ព័ត៌មានទាន់ហេតុការណ៍៖

ចតរថយន្តមុខផ្ទះ ព្រឹកឡើងត្រូវចោរលួចទៅបាត់

ភ្នំពេញ​៖​ ហេតុការណ៍​ភ្ញាក់ផ្អើលមួយទាំងព្រឹក ខណៈបុរសម្នាក់បានចតរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ទុកខាងមុខផ្ទះដូចសព្វដងហើយចូលដេកក្នុងផ្ទះបាត់លុះព្រឹកឡើងមកមើលរថយន្តត្រូវជនសង្ស័យលួចយកទៅបាត់។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ ផ្ទះលេខ E28 ផ្លូវជាតិលេខ៣ បុរីជា រី ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ​។

រថយន្តដែលត្រូវជនសង្ស័យលួចទៅបាត់នោះម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-4360ម្ចាស់ឈ្មោះ ឈុំ សុផាត ភេទប្រុស អាយុប៣៥ឆ្នាំ មុខរបរ ដឹកជនជាតិចិនរោងចក្រ ស្នាក់នៅផ្ទះលេខ E28 ផ្លូវជាតិលេខ៣ បុរីជា រី ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិទួលចំបក់ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។

ប្រភពដដែលបន្តទៀតថា មុនកើតហេតុរថយន្ត ចតទុកមុខផ្ទះរាល់យប់ដូចសព្វដង មិនខុសណាពីរថយន្ត ផ្សេងៗទៀត ច្រើនគ្រឿង ចតទុកតែមុខផ្ទះ ក្នុងបុរីខាងលើ ស្រាប់តែភ្ញាក់ឡើង នៅព្រឹកថ្ងៃទី១៨ ខែតុលានេះ ទើបដឹងថារថយន្តគាត់ចោរលួចយកទៅបាត់ ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យដល់ទីតាំង ។

ផ្អែកតាមការពិនិត្យតាមរយ:កាមេរ៉ាសុវត្ថិភាព តាមផ្ទះអ្នកជិតខាង ឃើញថា ជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង ទៅធ្វើសកម្មភាពលួចរថយន្តសាំយ៉ុងខាងលើ នៅវេលាម៉ោង៣និង៣០នាទីព្រឹកថ្ងៃទី១៨ ខែតុលានេះទេ ។

ក្រោយពីកើតមានចោរកម្មលួចរថយន្តត្រង់ចំណុចខាងលើ ម្ចាស់បានកាន់ឯកសារទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ​ ៕ សុខាសែនជ័យ