ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ចម្ការអំពៅរបស់ក្រុមហ៊ុន ចំនួន២​នៅស្រុកស្វាយទាប ត្រូវភ្លើងឆេះ ទំនងអ្នកជក់បារី បោះភ្លើងកន្ទុយបារីចោលមិនប្រយ័ត្ន

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ ចម្ការអំពៅស្ករចំនួន៨៣ហិកតា ត្រូវបានអណ្តាតភ្លើងឆាបឆេះ បង្កការភ្ញាក់ផ្អើលដល់ កម្មករនាំគ្នាជួយពន្លត់ ប៉ុន្តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទេ ព្រោះភ្លើងឆេះពេញក្រមុំទៅហើយ ។

ហេតុការណ៍នេះ កើតឡើង ពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមលោក កុយ សារ៉េន ម្ចាស់ចម្ការអំពៅបានឲ្យដឹងថា មុនពេល មានភ្លើងឆេះ គេឃើញមានកម្មករកំពុង កាប់អំពៅ និងមានម៉ាស៊ីនច្រូត ក៏កំពុងតែច្រូតផងស្រាប់តែសុខៗមានជាអណ្តាតភ្លើងឆេះយ៉ាង សន្ធោសន្ធៅ ហើយស្លឹកអំពៅហោះរាយប៉ាយ ពិបាកគ្រប់គ្រងខ្លាំងណាស់ ។

លោកបានបន្តទៀតថា ខណៈដែលភ្លើងកំពុងឆេះនោះ ក្រុមកម្មករនាំគ្នារត់មកការដ្ឋានដើម្បីមកយកអាត្រាក់ទ័រភ្ជួរកាត់ចម្ការអំពៅ និងបាញ់ទឹក ប៉ុន្តែមិនបានជោគជ័យនោះទេដោយសារមានខ្យល់បក់ហើរស្លឹក អំពៅដែលឆេះមកកាត់មុខអាត្រាក់ទ័រ ហើយការឆេះនោះវាលឿនពេក កម្មករស្ទើររត់ពុំរួចផង ដោយចម្ការអំពៅក្រុមហ៊ុន របស់គាត់ឆេះអស់ចំនួនប្រមាណ ៥៧ហិចតា និងរបស់ក្រុមហ៊ុន សុផាត សំណាង អស់ចំនួន ២៦ ហិចតាផងដែរ ។

លោកបានបញ្ជាក់ទៀតថា ភ្លើងរលត់ទៅវិញនៅម៉ោង ២:២០ នាទីរសៀលថ្ងៃដដែល ហើយមូលហេតុបណ្តាឲ្យឆេះនេះ មិនដឹងច្បាស់ថា ជាករណីឆេះដោយសារធម្មជាតិ ឬមានអ្នកលួចដុត ឬជក់បារីបោះកន្ទុយបារីនោះទេ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត ៕ យឹម សុថាន


ចែករំលែក៖