ព័ត៌មានទាន់ហេតុការណ៍៖

ចម្លាក់​បដិមា​ដ៏​ធំ​មួយ រកឃើញ​នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ខាងជើង​ក្រុង​អង្គរធំ

ខេត្ត​រៀម​រាប​៖ ក្នុង​គម្រោង​សិក្សា​ស្រាវជ្រាវ​ស្វែងយល់​ពី​មន្ទីរពេទ្យ​កសាង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ អ្នកស្រាវជ្រាវ​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​មហាវិទ្យាល័យ​បច្ចេកវិទ្យា វិទ្យាស្ថាន​ស្រាវជ្រាវ​អាស៊ីអាគ្នេយ៍​នៃ​ប្រទេស​សិង្ហ​បុរី បាន​ប្រទះឃើញ​បដិមា​ដ៏​ធំ​មួយ ដែល​សន្និដ្ឋាន​ជាបឋម​ថា ជា​ទ្វារបាល​, ដែល​គេ​ប្រទះឃើញ នៅ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ខាងជើង​ក្រុង​អង្គរធំ ប្រហែល​១​គីឡូម៉ែត្រ កាលពី​ថ្ងៃទី​៣០ កក្កដា ​។​

អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា តាម​ការវាស់វែង​បដិមា​នេះ មាន​កម្ពស់​១,៩០​ម៉ែត្រ និង​ស្មារ​ទទឹង​ប្រវែង ០,៥៨​ម៉ែត្រ ក្នុង​រចនាបថ​បាយ័ន​។ បដិមា​នេះ កំបុត​ដៃ​ទាំងពីរ ត្រឹម​ស្មារ កំបុត​ជើង​ស្តាំ​ត្រឹម​ក​-​ជើង និង​ជើងឆ្វេង​ត្រឹម​គល់ភ្លៅ​។ រីឯ​ដងខ្លួន និង​ព្រះ​កេស នៅមាន​ក្បាច់ចម្លាក់​សម្លៀកបំពាក់ និង​ក្បាំង​សក់​នៅ​ស្អាត​ទាំងអស់​។ ហើយ​បដិមា​នេះ កប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​ត្រឹម​៤​តឹក​ប៉ុណ្ណោះ ខណៈដែល​អ្នកស្រាវជ្រាវ​ធ្វើ​កំណាយ​រកឃើញ ដោយ​ដេក​ផ្ងារពោះ​បែរ​ព្រះ​កេស​ទៅ​ទិស​ខាងលិច ទៅ​ព្រះវិហារ​នៃ​មន្ទីរពេទ្យ​។​

ជាមួយគ្នា លោក ខៀន ច័ន្ទ មន្ត្រី​ជំនាញ​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ការដ្ឋាន​កំណាយ​នេះ បាន​បញ្ជាក់ថា វា​ជាការ​ប្រទះ​ដោយ​ចៃដន្យ ក្នុងពេលដែល​ក្រុមការងារ​ធ្វើ​កំណាយ ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​រចនាសម្ព័ន្ធ​នៃ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត​។ ហើយ​ការប្រទះឃើញ​ចម្លាក់​ដ៏​ធំ​នេះ ក៏​ចាត់​ថា ជា​សំណាងល្អ​មួយ ដែល​អាច​ឲ្យ​យើង​យកទៅ​រក្សាទុក​ក្នុង​ទីកន្លែង​សមរម្យ ដើម្បី​ងាយស្រួល​សម្រាប់​អ្នកស្រាវជ្រាវ សិក្សា​លម្អិត​បន្ថែមទៀត​។​

លោក​ថា អ្នកជំនាញ​បានធ្វើ​កំណត់ត្រា​ពី​បដិមា​នេះ នឹងត្រូវ​យកទៅ​តម្កល់ទុក​ក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​អង្គរ ដើម្បី​រក្សា​សុវត្ថិភាព សម្អាត​ដុសលាង ព្យាបាល​ផ្នែក​ខ្លះ ជាពិសេស គឺ​ការយក​ជាតិ​អំបិល​ចេញ ដើម្បី​កុំ​ឲ្យ​មានការ​ខូចគុណភាព​ថ្ម ឬ​រង​ប្រតិកម្ម​នៅពេលដែល​ចម្លាក់ ត្រូវដាក់​តាំង​ក្នុង​លំហ​បរិ​យាស​ថ្មី​។ លើសពីនេះ បដិមា​នឹងត្រូវ​ដាក់តាំង​បង្ហាញ​សម្រាប់​ភ្ញៀវទេសចរ​បាន​ចូល​ទស្សនា​ថែម​ទៀតផង​។​

NKD-36x6_outline

តាម​ការសន្និដ្ឋាន បដិមា​ដ៏​ធំ​មួយ​នេះ ស្ថិតក្នុង​រចនាបថ​បាយ័ន និង​អាចជា​ទ្វារបាល នៃ​មន្ទីរពេទ្យ​នេះ​ផ្ទាល់​តែម្តង មិនមែន​មកពី​កន្លែង​ផ្សេង​នោះទេ​។ បើទោះជា​យ៉ាងណា​លោក ខៀន ច័ន្ទ មិនទាន់​អាច​បញ្ជាក់​អំពី​ការតាំង​រូប​របៀបនេះ មាននៅ​ក្នុង​មន្ទីរពេទ្យ​បុរាណ​ទាំងអស់ ឬ​យ៉ាងណា​នោះទេ គឺ​ស្ថិតក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅឡើយ​។ ចំពោះ​ការរៀបចំ​រដ្ឋបាល នៃ​មន្ទីរពេទ្យ​បុរាណ​វិញ តាម​សិលាចារឹក​ដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ គឺ​ដូចគ្នា​ទាំងអស់​គ្រប់​មន្ទីរពេទ្យ ដូចជា​៖ ការកំណត់​ចំនួន​គ្រូពេទ្យ តម្រូវការ​សម្រាប់​មន្ទី​រ​ពេទ្យ និង​ការផ្គត់ផ្គង់​ថ្នាំ​ជាដើម​។​

សូមបញ្ជាក់ថា គម្រោង​ស្រាវជ្រាវ​មន្ទីរពេទ្យ​ទន្លេ​ស្ងួត ក្នុង​ជំហាន​ទី​១ ដែល​ផ្តោតលើ​ការសិក្សា​អំពី​ផ្នែក​ខាងមុខ​នៃ​មន្ទីរពេទ្យ ដែលមាន​ទំនាក់ទំនង​រវាង​ប្រឡាយ​មុខ​មន្ទីរពេទ្យ និង​ខឿន​នៃ​មន្ទីរពេទ្យ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៨ ខែកក្កដា ដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧​។ ក្រោយ​បញ្ចប់​គម្រោង​នេះ អ្នកស្រាវជ្រាវ​នឹង​បន្ត​គម្រោង​ថ្មីៗ​ទៀត ដែល​នឹងសិក្សា​អំពី​ទីតាំង​សំខាន់ៗ នៃ​អាគារ​មន្ទីរពេទ្យ ដែល​សង់​ពី​ឈើ​បាន​ខូចខាត​បាត់​ស្លាកស្នាម​អស់ ហើយ​បើ​អាច​ក្រុម​ស្រាវជ្រាវ​មានបំណង​ស្វែងរក​ទីតាំង​ចោល​សំណាក​ថ្នាំ ដែល​ប្រើប្រាស់​រួច ដើម្បី​យក​សំណាក​ទាំងនោះ​ទៅ​សិក្សា​អំពី​ការ​ផ្សំ​ថ្នាំ​សម័យបុរាណ​៕​

រូបថត៖ អាជ្ញាធរអប្សរា នាយកដ្ឋានផ្សព្វផ្សាយ