ព័ត៌មានទាន់ហេតុការណ៍៖

ចាន់ណា រ៉ូណានបង្ហាញមុខសហការជាមួយ LD ចេញថតរឿង ឯណាខ្មោច?

ភ្នំពេញ៖ ផលិតករវ័យក្មេង លោក ចាន់ណា រ៉ូណាន ដែលធ្លាប់សាងស្នាដៃធ្វើឲ្យកក្រើកក្នុងវិស័យភាពយន្ត ស្រាប់តែបង្ហាញវត្តមានជាថ្មីគួរឲ្យភ្ញាក់ផ្អើលក្នុងការផលិតភាពយន្តថ្មី ។ លោកបានប្រកាសអំពីការចេញផលិតភាពយន្តរឿងថ្មីគឺរឿង ឯណាខ្មោច? ដោយសហការជាមួយផលិតកម្មធំក្នុងស្រុកគឺផលិតកម្ម LD Picture ។

ការប្រកាសនេះបានធ្វើឡើងក្នុងពិធីក្រុងពលីចេញថតភាពយន្តខាងលើកាលពីព្រឹកថ្ងៃទី១១ខែសីហានេះនៅផលិតកម្មLD Picture ក្រោមវត្តមានតារាសម្តែង និងផលិតករជាច្រើនរូប ។

លោកចាន់ណា រ៉ូណាន បានបញ្ជាក់ថា នេះគឺជាលើកដំបូង ដែលលោកចាប់ផ្តើមសហការផលិតជាមួយផលិតកម្មLD Pictureក្រោយពីបាត់មុខមួយរយៈ និងបន្ទាប់ពី ព្រោះបញ្ចប់ការផលិតដោយជោគជ័យរឿង កំណត់ហេតុនាងនាថ និងរឿង សរសរកន្លោង កន្លងមក ។ លោកបញ្ជកា់ថាការសម្រេចចិត្តសហការជាមួយផលិតកម្មនេះព្រោះតែផលិតកម្មLD Picture មានឈ្មោះបោះសំឡេងស្រាប់ និងបំពាក់ទៅដោយឧបករណ៍ផលិតភាពយន្តប្រកបដោយគុណភាព ។

លោកថា ភាពយន្តនេះអាចនឹងចំណាយពេលនៃការថតនៅតំបន់ព្រៃភ្នំ ដែលមានទេសភាពល្អប្លែកមិនធ្លាប់បានផលិតករផ្សេងចេញទៅថតដល់ និងនៅទីក្រុង បូករួមជាមួយសាច់រឿងថ្មីប្លែក បច្ចេកទេសខ្ពស់ ប្រមូលផ្តុំដោយតារាសម្តែងធ្លាប់មានឈ្មោះបោះសំឡេង នោះភាពយន្តនេះនឹងអាចក្លាយជាភាពយន្តថ្មីប្លែកថ្មីជាចំណីអារម្មណ៍របស់ទស្សនិកជន ។

លោកថា ភាពយន្តនេះគ្រោងនឹងបញ្ចប់ការផលិត និងដាក់បញ្ចាំងនៅចុងឆ្នាំ២០១៨នេះតែម្តង ហើយលោកជឿជាក់ថា នឹងមិនធ្វើទស្សនិកជន ដែលទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោកខកបំណងនោះទេ ។

ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានបញ្ជាក់ថា លោកបានសម្រេចចិត្តសហការជាមួយផលិតករវ័យក្មេងរូបនេះព្រោះតែការជឿជាក់លើសមត្ថភាព ដែលកន្លងមកផលិតកររូបនេះធ្លាប់បានសាងភាពលេចធ្លោរមួយចំនួនសម្រាប់ទស្សនិកជន ។ លោកថាក៏ជាការផ្តល់ឱកាសសាងស្នាដៃរួមគ្នា និងមិនចង់ឲ្យសមត្ថភាពរបស់ពួកគាត់ត្រូវបានកប់ចោល ។

លោកបញ្ជាក់ថាក្រៅពីផលិតករខាងលើលោកក៏ស្វាគមន៍សម្រាប់ផលិតករវ័យក្មេងជំនាន់ក្រោយផ្សេងទៀត ដែលមានសមត្ថភាព មានស្នាដៃល្អ ប៉ុន្តែមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតភាពយន្ត ។ លោកបញ្ជាក់ដែរថាភាពយន្ត ដែលសហការផលិតរួមគ្នានេះនឹងត្រូវប្រើប្រាស់ប្លង់បច្ចេកទេសមួយប្រភេទ ដែលតម្រូវប្រើប្រាស់កាំមេរ៉ាទំនើបហើយផលិតកម្មក៏ទើបនឹងបញ្ជាទិញប្រភេទកាំមេរ៉ាថ្មីចុងក្រោយសម្រាប់បំពាក់ និងជំនួយដល់ការថតភាពយន្តប្រភេទនេះដើម្បីប្រាកដថាវាគឺជាភាពយន្ត ដែលថ្មីប្លែកល្អទាំងសាច់រឿង តួសម្តែង និងបច្ចេកទេសទំនើប ។ លោករំពឹងដែរថា តាមរយៈការសហការនេះនឹងទទួលបានភាពយន្ត ដែលមានគុណភាព និងទទួលបានការគាំទ្រច្រើនបន្ថែមទៀតពីទស្សនិកជន ។

គួរបញ្ជាក់ដែរថាភាពយន្តរឿង ឯណាខ្មោច? គឺជាភាពយន្តបែបភ័យរន្ធត់ និងកំប្លែង ដែលចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះជាច្រើនមានដូចជា លោក ទ្រី តារាវុធ កញ្ញា សួង ស៊ីធឿន លោក ភី ម៉ៃ កញ្ញា យេយេ លោក សាតាន់ លោក ដូ រីកូ ជាដើម ។ ភាពយន្តនេះនឹងចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី១៧ខែសីហានេះតទៅ៕ វឌ្ឍនា