ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យពួនកាប់ជនរងគ្រោះស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ដោយសាររឿងគំនុំក្រោយពីរាំធុងបាស់

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយនគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំបាសាក់បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ជាជនដៃដល់សម្លាប់មនុស្ស និងកាប់ឲ្យជនរងគ្រោះម្នាក់ទៀត រងរបួសធ្ងន់ដោយសារគំនុំគំគួនបញ្ជួនមកស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

ពាក់ពន្ធ័នឹងករណីនេះ លោកកែវ សុថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ជនសង្ស័យដៃដល់ដែលឃាត់ខ្លួនមានឈ្មោះពៅ សូរវង្ស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទៅលំនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ។

ប្រភពបន្តថា កាលពីវេលាម៉ៅង១១និង២៤នាទីយប់ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានករណីហិង្សា ដោយប្រើកាំបិតផ្គាក់ ដោយជនសង្ស័យ២នាក់បានពូនស្ទាក់ កាប់មកលើជនរងគ្រោះ៣នាក់ ខណៈត្រឡប់មកពីរាំធុងបាស់ មានឈ្មោះ ឃួន ចន អាយុ២៣ឆ្នាំ មុខរបរធ្វើកម្មករសំណង់ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ បណ្ដាលឲ្យផុងលលាដ៍ក្បាលស្លាប់នៅកន្លែងកើតហេតុ ។

ប្រភពបន្តថា អ្នករងរបួសធ្ងន់មានឈ្មោះ សោម វាសនា (ហៅប៉ោង) អាយុ២១ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ត្រូវបានយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង និងជនរងគ្រោះទី៣ ឈ្មោះសូ ថុន អាយុ១៨ឆ្នាំ រស់នៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ មុខរបរធ្វើស្រែ មិនមានរបួសនោះទេដោយរត់ចេញទាន់ ។

លោក កែវ សុថា បន្តថា បន្ទាប់ពីមានបទបញ្ជាពីលោកស្នងការបានចាត់ឲ្យស្នងការង លោកកុយ សុភាព និងរូបលោក និងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយនគរបាលស្រុក និងប៉ុស្តិ៍ចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ យស់ ចាន់រី ភេទប្រុស មុខរបរមិនពិតប្រាកដ មានទៅលំនៅភូមិ ឃុំ កើតហេតុខាងលើ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ បញ្ជូនមកសាកសួរ។

NKD-36x6_outline

ប្រភពបន្តថា តាមការឆ្លើយសាភាពរបស់ជនសង្ស័យ យស់ ចាន់រី ថាមានបក្ខពួកម្នាក់ទៀត ជាជនដៃដល់ឈ្មោះ ពៅ សូរវង្ស ហៅបូ ជាអ្នកយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះទាំង២នាក់។

រហូតមកដល់រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋល្អមកសមត្ថកិច្ចនគរបាល ទើបកម្លាំងចុះមកស្រាវជ្រាវឈានទៅរកការឃាត់ខ្លួនបានតែម្ដង ។

លោកកែវ សុថា បញ្ជាក់ថា មូលហេតុបង្កឲ្យមានករណីនេះកើតឡើង ដោយសារតែជនសង្ស័យមានគំនុំជាមួយជនរងគ្រោះ ទើបរៀបចំគម្រោងឃាតកម្មគិតទុកជាមុនបែបនេះ។

នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានកសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន