ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនមុខសញ្ញាប្រព្រត្តិបទល្មើសផ្សេងៗគ្នា៥នាក់នៅច្បារអំពៅ

ភ្នំពេញៈ ជនសង្ស័យ៥នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនបានជាបន្តបន្ទប់ពាក់ព័ន្ធបទល្មើសផ្សេងៗគ្នា ក្នុងនោះជនសង្ស័យ៤នាក់ពាក់ព័ន្ធបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងជនសង្ស័យម្នាក់ទៀតពាក់ព័ន្ឌបទល្មើសគ្រឿងញៀនលួចដោះខ្នោះដៃហើយលោតចេញពីរថយន្តរបស់សមត្ថកិច្ចនៅគ្រាដែលសមត្ថកិច្ចដឹកយកទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសកាលពីចុងឆ្នាំ២០១៧កន្លងទៅ ។

ករណីចាប់ខ្លួនជនសង្ស័យទាំង៥នាក់នេះបានធ្វើឡើងពេញមួយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំនុចផ្សេងគ្នា ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ ។ ករណីទី១_ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯងចាប់ខ្លួន ទៅតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨២៦ “ឡ” ដចន ចុះថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០១៧ ចេញដោយលោក ជា សុច័ន្ទដេត ចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ ពីបទ ៖ ហិង្សាប្រព្រឹត្ត ដោយ សហព័ទ្ធ ឬ អនីតិសង្វាសជន ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៥។

ជនល្មើសឈ្មោះតុប ម៉ៅ ហៅ តុប វុទ្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ។

ជនល្មើសខាងលើនេះ កាលពីថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០១៧ ម៉ោង២១និង៥០នាទី សមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែង ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍គ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ០៣នាក់ ឈ្មោះ តុប វុទ្ធី ហៅ តុប ម៉ៅ ឈ្មោះផន រ៉ា និងឈ្មោះ វិន វិឆៃ ដក ហូតវត្ថុតាងក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ០១កញ្ចប់ថង់តូច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ត្រូវបានលោក អ៊ី ឋាវរៈ ចៅក្រមស៊ើសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នលេខ ៦៦៧៦ “ព” ដពស ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ចោទប្រកាន់ឈ្មោះ តុប វុទ្ធី ពីបទ ៖ រក្សាទុក និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន រួចសមត្ថកិច្ចក៍បានបញ្ជូនឈ្មោះ តុប វុទ្ធី និងជនល្មើស ៤នាក់ទៀត ទៅពន្ធនាគារព្រៃស ពេលមកដល់ចំណុចភូមិឬស្សី១ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យឈ្មោះ តុប វុទ្ធី ក៏បានបន្លំលួចដោះខ្នោះដៃមួយចំហៀង រួចលោតពីលើរថយន្តរត់គេចខ្លួន ឥឡូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ។

ដោយឡែកនៅថ្ងៃដដែលនេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានត្រូវពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ១ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យ

ទី១-ឈ្មោះគង់ រីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាញ៉េ ស្នាក់នៅភូមិកំពុងត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ទី២-ឈ្មោះសឿង មករា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកំពុងត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ទី៣-ឈ្មោះលី សុីមុី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

យុទ្ធនាការនេះសមត្ថកិច្ចចម្រុះដកហូតបានវត្ថុតាងរួមមាន ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ០១កញ្ចប់ថង់តូច។

ឧបករណ៍ជក់គ្រឿងញៀន០២កំប្លេ និងម៉ូតូ០១គ្រឿង ម៉ាកSuzuki Nex ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ ១CD-៣១១៣។

នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨នេះដែរកម្លាំងចម្រុះបានស្រាវជ្រាវចាប់បក្ខពួកចែកចាយថ្នាំញៀនបានម្នាក់ទៀត នៅបន្ទប់ជួល ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទ ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យមានឈ្មោះ វ៉ាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ បន្ទប់ជួលខាងលើ។ ដកហូតបានវត្ថុតាងមាន ៖ ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន ១៥កញ្ចប់ថង់តូច។ ទូរស័ព្ទដៃ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស