ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​មន្ត្រី​យោធា​ម្នាក់​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​៥​ម៉ឺន​ដុល្លារ​ ​

ខេត្តកណ្តាលៈ​ មន្ត្រី​យោធា​ពាក់​សក្តិ​បី​បម្រើ​ការងារ​នៅ​អង្គភាព​កងទ័ពជើងគោក​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​ស្អាង​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់​ពី​បុរស​២​នាក់​ ប្រមាណ​ជិត​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ ។​ មន្ត្រី​យោធា​ខាងលើ​នេះ​ត្រូវ​បាន​ឃាត់ខ្លួន​គ្រា​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​២១B​ កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​ ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ ត្រង់​ចំណុច​ភូមិ​កោះគរ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ។​

​លោក​វរសេនីយ៍ត្រី​ អ៊ូ​ ផ​ល្លី​ មេបញ្ជាការ​កងរាជអាវុធហត្ថ​មូល​ស្រុក​ស្អាង​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នោះ​មានឈ្មោះ​សេង​ ប៊ុ​ន​ថេ​ង​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ ជា​មន្ត្រី​យោធា​ពាក់​សក្តិ​បី​ បម្រើ​ការងារ​នៅ​អង្គភាព​កងទ័ពជើងគោក​ បច្ចុប្បន្ន​រស់នៅ​ក្នុងភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ខេត្តកណ្តាល​ ។​

​បន្ទាប់​ពី​ធ្វើការ​ឃាត់ខ្លួន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ដកហូត​កាំភ្លើងខ្លី​១​ដើម​ម៉ាក​K59,​បង់​មួយ​មាន​គ្រាប់​ចំនួន​៨​គ្រាប់​ ,​ប័ណ្ណ​សម្គាល់​អាវុធ​ស​មូលភាព​ចេញ​ដោយ​ក្រសួងការពារជាតិ​១​សន្លឹក​ និង​អត្តសញ្ញាណប័ណ្ណ​យោធា​១​សន្លឹក​ ។​

​លោក​មេបញ្ជាការ​បាន​បញ្ជាក់​ថា​ ប្រតិបត្តិការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ​ធ្វើ​ឡើង​ដោយ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៧៥​ចុះ​ថ្ងៃ​ទី​៣១​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១៤​ របស់​លោក​ អ៊ី​ សុវណ្ណ​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកណ្តាល​ចោទប្រកាន់​ពី​បទ​ឆបោក​ ប្រព្រឹត​កាលពី​ថ្ងៃ​ទី​១១​ ខែ​ក​ក្ត​ដា​ ឆ្នាំ​២០១១​ នៅ​ភូមិ​ត្នោត​ញី​ ឃុំ​ខ្ពប​ ស្រុក​ស្អាង​ ។​

​ស្ត្រី​ឈ្មោះ​ ហុ​ក​ ច​ន្ធី​ អាយុ​៤០​ឆ្នាំ​ មានស្រុក​កំណើត​នៅ​ភូមិ​ឃ្លាំង​លិច​ ឃុំ​លើក​ដែក​ ស្រុក​កោះធំ​បាន​អះអាង​ថា​ ឈ្មោះសេង ​ប៊ុ​ន​ថេ​ង​ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ ជា​មន្ត្រី​យោធា​ពាក់​សក្តិ​បី​ខាងលើ​នេះ​បាន​ឆបោក​ប្រាក់​ពី​ឪពុក​ និង​លោកពូ​របស់​ខ្លួន​ចំនួន​៤៦០០០​ដុល្លារ​សហរដ្ឋអាមេរិក​ ដោយ​អះអាង​ថា​យក​ទៅ​ទិញ​ដី​ឲ្យ​ ។​ បន្ទាប់​ពី​យក​លុយ​ទៅ​បាត់​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ឈ្មោះ​សេង​ ប៊ុ​ន​ថេ​ង ​នៅ​តែ​មិន​មាន​ដី​ឲ្យ​ឪពុក​ និង​លោកពូ​របស់​ខ្លួន​ ទើប​ឪពុក​ និង​លោកពូ​សម្រេច​ចូលខ្លួន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​សាលាដំបូង​ខេត្តកណ្តាល​ឲ្យ​ជួយ​អន្តរាគមន៍​តាម​ច្បាប់​ ៕​ស្អាង​ជ័យ​

20150603193711 (1)
20150603193711