ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន «មីជ្រូក» ដែលសកម្មខាងចែកចាយគ្រឿងញៀននៅភូមិថ្មគោល សង្កាត់ចោមចៅនោះហើយ

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ពិសេសខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌបានបង្ក្រាបករណីជួញដូរគ្រឿងញៀនជាបន្តបន្ទាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានម្នាក់ជាស្ត្រីរហស្សនាម(មីជ្រូក)ដែលល្បីខាងចែកចាយគ្រឿងញៀនយ៉ាងសកម្ម និងថ្នាំសរុប២៩កញ្ចប់។

ប្រត្តិបត្តិការណ៍នេះ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី ១៤ វិច្ឆិកា ២០១៧ នៅចំណុចគោកបញ្ជាន់ ភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង៤នាក់ ទី១ឈ្មោះ សាយ ចាន់ថន ភេទស្រី ហៅមីជ្រូក អាយុ២៥ឆ្នាំ មុខរបតលក់គ្រឿងញៀន ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័ (ដកហូតថ្នាំ ១១កញ្ចប់តូច និងថង់សម្រាប់ច្រកមួយចំនួន), ទី២មានឈ្មោះ សូ ភ័ណ្ឌ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (ដកហូតថ្នាំ៤កញ្ចប់តូច), ទី៣មានឈ្មោះ សឿន ផានីដា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី៤មានឈ្មោះ វ៉ាត់ ប៉ាលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ(ទាំង២នាក់ដកហូតថ្នាំ១៤កញ្ចប់តូច ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ និង ផ្នែកជំនាញសន្តិសុខផ្ទៃក្នុង បានចេញល្បាតការពារក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់បទល្មើសកុំឲ្យកើតមាន ជាពិសេសបង្ក្រាបករណីគ្រឿងញៀន លុះមកដល់ចំណុចក្រោយវត្តគោកបញ្ជាន់ ម្តុំកន្លែងហាលលៀស ក៏ប្រទះឃើញជនសង្ស័យ២នាក់ឈ្មោះ សឿន ផានីដា និងឈ្មោះ វ៉ាត់ ប៉ាលី សង្ស័យបានហៅឃាត់សួរនាំឆែកឆេររកឃើញថ្នាំញៀន ចំនួន១៤កញ្ចប់តូច ។

NKD-36x6_outline

ក្រោយមកកម្លាំងបានសួរនាំ ជនសង្ស័យឆ្លើយថា ទិញពីឈ្មោះ សាយ ចាន់ថន ហៅមីជ្រូក បន្ទាប់មក កម្លាំងបាននាំជនសង្ស័យទៅចង្អុលបង្ហាញ ហើយខណៈជិះជិតដល់បន្ទប់ជួលឈ្មោះ សាយ ចាន់ថន ភេទស្រី ហៅមីជ្រូក ក៏ប្រទះជនសង្ស័យម្នាក់ទៀត ឈ្មោះសូ ភ័ណ្ឌ ឈរនៅតាមផ្លូវសង្ស័យឆែករកឃើញ ថ្នាំញៀនចំនួន៤កញ្ចប់តូច ។ ខណៈនោះក៏មានក្មេងៗតូចស្រែកប្រាប់ឈ្មោះ សាយ ចាន់ថន ហៅមីជ្រូក ថា ប៉ូលិសមកហើយៗ ភ្លាមនោះជនសង្ស័យរត់ចូលបន្ទប់បម្រុងចាក់ថ្នាំចោលចូលបង្គន់ ដើម្បីបំបាត់ភស្តុតាង ទើបកម្លាំងស្ទុះរត់សម្រុកចូលបន្ទប់ជនសង្ស័យទាន់ ឃាត់ខ្លួនជនសង្ស័យ ឆែកឆេររកឃើញថ្នាំញៀន១១កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ចូនមកកាន់ផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត កសាងសំណុំរឿងបញ្ជនឡើងតុលារការចាត់ការតាមនីតិវិធី៕សុខាសែនជ័យ