ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានជនសង្ស័យ៣នាក់ក្នុងអំពើឃាតកម្មនៅស្រុកមោងប្ញស្សី

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបាត់ដំបង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង កម្លាំងកងរាជអាវុធហត្ថរាជធានី ភ្នំពេញ បានចាប់ខ្លួនជនសង្ស័យ ០៣ នាក់ នៅចំណុចផ្ទះលេខ ១២B ផ្លូវ ៣៣៦ សង្កាត់ ផ្សារដើមគរ ខ័ណ្ឌ ទួលគោក ក្រុង ភ្នំពេញ ពាក់ព័ន្ឋករណីឃាតកម្ម នៅស្រុកមោងឬស្សី  ហើយជនសង្ស័យទាំងនេះ ត្រូវបានបញ្ជូនទៅកាន់តុលាការនៅថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ។

សមត្ថកិច្ចថ្លែងថា ជនសង្ស័យ ១-ឈ្មោះ ជីប ធឺន ហៅ ជៀប ធឿន ភេទ ប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ គារ៣ ឃុំ គារ ស្រុក មោងឬស្សី ខេត្ត បាត់ដំបង, ២-ឈ្មោះ សាយ សឹង្ហ ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ វត្តលៀប សង្កាត់ ចំការសំរោង ក្រុង បាត់ដំបង ខេត្ត បាត់ដំបង និង ៣-ឈ្មោះ វង្ស វី ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ រាមគន់ ឃុំ គារ ស្រុក មោងឬស្សី ខេត្ត បាត់ដំបង ។

តាមចម្លើយឆ្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថាៈ មូលហេតុដែលខ្លួន និង បក្ខពួកវាយ និងកាប់ទៅលើជនរងគ្រោះគឺមកពីជនរងគ្រោះជិះម៉ូតូសម្លឹងមើលមុខបក្ខពួកខ្លួន ហើយជនរងគ្រោះបានចុះមកវាយពួកខ្លួនមុន ទើបពួកខ្លួនវាយនិងកាប់ជនរងគ្រោះបណ្តាលឲ្យរបួស និង ស្លាប់តែម្តង ។

NKD-36x6_outline

សូមរំលឹកឡើងវិញថាៈ នៅវេលាម៉ោង ២០ និង ១៤ នាទី ថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ នៅភូមិ រាមគន់ ឃុំ គារ ស្រុក មោងឬស្សី ខេត្ត បាត់ដំបង មានករណីឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់សាវតាមួយក្រុម ដែលមានគ្នាចាប់ពី ៥ នាក់ទៅ ៧ នាក់ ប្រដាប់ដោយដាវសាំម៉ារ៉ៃ, កាំបិតប៉័ងតោ, កាំបិតខ្វែវ និង ចបជីកដងដែក បានធ្វើសកម្មភាពវាយ និង កាប់ទៅលើដៃគូទំនាស់មួយក្រុមផ្សេងទៀតដែលមានគ្នា ៥ នាក់ បណ្តាលឲ្យជនរងគ្រោះឈ្មោះ ណែម ភា ភេទ ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិ ជ្រៃ ឃុំ ជ្រៃ ស្រុក មោងឬស្សី ខេត្ត បាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ ( ជនរងគ្រោះត្រូវជនសង្ស័យ យកចបជីបដងដែកវាយចំក្បាលជាច្រើនចបជីក ) និង ០២ នាក់ផ្សេងទៀតរងរបួស ១- ឈ្មោះ ទៀប ភន ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភូមិ ជ្រៃ ឃុំ ជ្រៃ ស្រុក មោងឬស្សី ខេត្ត បាត់ដំបង រងរបួសខ្នងធ្ងន់ធ្ងរ ( ដេរ៤០​ថ្នេរ ) និង២-ឈ្មោះ មឿត រឿប ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ ធ្វើស្រែ រស់នៅភមិ ពោធិ៍១ ឃុំ គារ ស្រុក មោងឫស្សី ខេត្ត បាត់ដំបង រងរបួសលើចិញ្ចើមខាងឆ្វេង(ដេរ១៥ថ្នេរ ) ។

ក្រោយពីធ្វើសកម្មភាពជនសង្ស័យរត់គេចខ្លួន បន្សល់ទុក ម៉ូតូ ០២ គ្រឿង, កាំបិតប៉័ងតោ, កាំបិតខ្វែវ, ចបជីកដងដែក, ស្បែកជើងមួយគូរ និង មួកកន្តិប ០១ ។

បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង ត្រូវបានការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បាត់ដំបង កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់  ៕ សំ វិច្ឆិកា