ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានម៉ូតូ ១២ គ្រឿង និងរថយន្ត ៧គ្រឿង របស់ក្រុមអ្នកញៀនល្បែងជល់មាន់

ខេត្តកំពង់ស្ពឺ៖ សង្វៀនជល់មាន់ និងចាក់អាប៉ោងមួយកន្លែងត្រូវកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បង្រ្កាបលទ្ឋផលបានតែវត្ថុតាង ប៉ុណ្ណោះព្រោះមនុស្ស រត់បាត់អស់មុនពេលសមត្ថកិច្ចចូលដល់ម៉្លេះ ។ ករណីបង្ក្រាបទីតាំងនេះធ្វើឡើងកាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចព្រៃចម្ការមាត់អូរខាងជើងភូមិចម្ការចេក ចម្ងាយប្រហែល ៣ទៅ៥ គីឡូម៉ែត្រ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្រោមការបញ្ជារបស់គណៈបញ្ជាការឯកភាពស្រុកភ្នំស្រួចដឹកនាំដោយ លោក ហន ពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកភ្នំស្រួច ។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា លោកអភិបាលដឹកនាំកម្លាំងនគរបាលចុះបង្ក្រាបទីតាំងបើកភ្នាល់ល្បែងស៊ីសងបញ្ជល់មាន់មួយកន្លែង នៅចំណុចខាងលើដោយជាក់ស្ដែងកម្លាំងសមត្ថកិច្ចទៅដល់ក្រុមអ្នកញៀនល្បែងបាននាំគ្នារត់ប្រាសព្រាត់ចូលព្រៃ និងចម្ការបាតជើងសព្រាត សល់តែវត្ថុតាងប៉ុណ្ណោះ ។ សម្ភារដែលប្រមូលបានរួមមាន កៅអីជ័រ សម្រាប់អង្គុយចំនួន៨៥ ជាលក្រុងមាន់ជល់ ចំនួន១០ តង់កៅស៊ូប្រក់ដំបូលចំនួន១៣ ចាន និងគម្រប បាញ់អាប៉ោង១ឈុត ជញ្ជីងថ្លឹងមាន់១ គ្រែឈើ១ តុដែក១ ។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងទៀតថាចំពោះវត្ថុតាងដកហូតទាំងអស់លើកលែងតែម៉ូតូ និងរថយន្តដោយបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្ដ ក្រុមការងារបាន ដុតកម្ទេចសម្ភារចោលនៅនឹងកន្លែងទីតាំងជល់មាន់ខុសច្បាប់ខាងលើតែម្តង ។ ព្រោះថា ពិបាកដឹកជញ្ជូន រីឯម៉ូតូចំនួន១២គ្រឿង និងរថយន្ត៧គ្រឿង ដែលជារបស់អ្នកលេងល្បែងជល់មាន់ ត្រូវបញ្ជូនទៅរក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រង់ចាំចំណាត់ការបន្ត ។

ប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការនេះព្រោះថាបើឲ្យអស់លោកនគរបាលមូលដ្ឋានចុះបង្ក្រាប មិនងាយបង្ក្រាបបាននោះទេ នេះបានលោកអភិបាលស្រុកដឹកនាំផ្ទាល់ទើបសម្រេចបានលទ្ឋផលល្អបែបនេះ ។ ដោយឡែក មតិមួយចំនួនទៀតលើកឡើងថា បើបង្ក្រាបល្បែងជល់មានសូមបង្ក្រាបល្បែងឆ្នោតនៅតាមទីផ្សារនានា ក្នុងស្រុកភ្នំស្រួចផង ទើបយុត្តិធម៌ ព្រោះថាមេឆ្នោតធំៗនៅផ្សារត្រពាំងក្រឡឹងមួយចំនួន ក៏ជាប់សាច់ឈាមជាមួយមន្ត្រីនគរបាលស្រុកផងដែរ ។

មានការលើកឡើងផងដែរថា មិនគួរណាសមត្ថកិច្ចសម្រេចដុតកម្ទេចកៅអីចោលនោះទេ គួរណាស់ដកហូតយកមករក្សាទុកប្រើប្រាស់ក្នុងការដែលអាចប្រើបានក៏ល្អម្យ៉ាងដែរ ព្រោះឡាន និងម៉ូតូចេះដឹកជញ្ជូនកើត ចុះហេតុអ្វីកៅអីជ័រណឹង ដឹកជញ្ជូនអត់កើត? ៕ សេនាស័ក្តិ