ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បុរសម្នាក់ស្រវឹងស្រាគំរាមបាញ់ប្រពន្ធ ទីបំផុតសមត្ថកិច្ចតាមរកកាំភ្លើងទាល់តែឃើញ

ខេត្តបាត់ដំបង៖ បុរសម្នាក់បានផឹកស្រា ស្រវឹងទាញកាំភ្លើងអាការករឿងប្រពន្ធដោយបានគំរាមរកបាញ់ប្រពន្ធ និងកូនបង្កការភ្ញាក់ផ្អើលពេញភូមិរហូតដល់សមត្ថ កិច្ចចុះបង្ក្រាបដោយការប្រុងប្រយ័ត្ន និងឈានដល់ការចាប់ខ្លួនដើម្បីយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ។

យោងតាមរបាយការណ៍របស់សមត្ថ កិច្ចមូលដ្ឋានបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១០ព្រឹក មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងនៅចំណុចក្រុមទី២ ភូមិកណ្តាល ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបងដែលបានបង្កឡើងដោយបុរសស្រវឹងខួបម្នាក់ឈ្មោះ ហុក ស្រេង អាយុ៥៨ឆ្នាំ ទៅលើ ប្រពន្ធឈ្មោះ សួស ផល្លី អាយុ៥៦ឆ្នាំ រស់ នៅចំណុចខាងលើ ។

លោកអនុសេនីយ៍ទោ កែវ វិបុល នាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលស៊ុងបានបញ្ជាក់ថាក្រោយពីទទួលបានព័ត៌មានស្តីពីករណី ហិង្សាក្នុងគ្រួសារ និងមានអាវុធរួចមកលោក បានដឹកនាំកម្លាំងចុះទៅកាន់ចំណុចខាងលើដោយបានឃាត់ខ្លួនជនសង្ស័យជាប្តីដែលស្ថិតក្នុងសភាពស្រវឹងជោកជាំផង យកទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ។

NKD-36x6_outline

លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយពីការឃាត់ខ្លួនគឺជនសង្ស័យមិនព្រមសារ ភាពអំពីការលាក់ទុកអាវុធខុសច្បាប់ឡើយ បើទោះបីជាសមត្ថកិច្ចទទួលបានព័ត៌មានថា គេមានកាំភ្លើងក៏ដោយ។ លុះដល់ព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដដែលទើប ជនសង្ស័យព្រមសារភាពថា ខ្លួនពិតជា មានអាវុធមួយដើមមែនគេបានលាក់ទុកនៅក្នុងចម្ការម្រេច ។

ទីបំផុតជនសង្ស័យដែលជាអតីតយោធា ព្រមទាំងបានដើរចេញពីជួរកងទ័ពកាលពីឆ្នាំ១៩៩៦ បាននាំផ្លូវសមត្ថកិច្ចទៅបង្ហាញទីតាំងដែលខ្លួនលាក់កាំភ្លើងធុនអាកាស្វាយ បត់មានបង់១និងមានគ្រាប់ចំនួន១៧ គ្រាប់។ គេបានសារភាពថា កាំភ្លើងនេះគេរើសបានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៧ ហើយក៏បានយកមករក្សាទុក ប៉ុន្តែមិនដែលបាញ់ម្តងណាទេ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានហើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការពាក់ព័ន្ធនឹងការប្រើអំពើហិង្សាក្នុងគ្រួសារនិងការកាន់កាប់រក្សាទុកអាវុធខុសច្បាប់ ៕ ហេង នរិន្ទ្រ