ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ផ្តើមបង្ក្រាបការនេសាទ និងឈ្មួញដែលទិញកូនគ្រែងឈាមតូចៗ​

ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ បានចេញបញ្ជាឲ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ការនេសាទកូនគ្រែងឈាមតូចៗនៅតំបន់កោះខ្យង ក្នុងឃុំអូរជ្រៅស្រុកព្រៃនប់ និងបង្ក្រាបជាបន្ទាន់ទៅលើឈ្មួញ ដែលជួញដូរកូនគ្រែងឈាមយកទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាម ។

បើតាមអាជ្ញាធរខេត្តបញ្ជាក់ថា សមត្ថកិច្ចពាក់ពន្ធ័ទាំងអស់នៅមូលក្នុងមូលដ្ឋា នក៏ត្រូវចូលរួមបង្ក្រាបដែរ ក្នុងករណីជួបការដឹកជញ្ជូនកូនគ្រែងឈាម យកទៅលក់នៅប្រទេសវៀតណាម ។

ការចេញបញ្ជាឲ្យបង្ក្រាបករណីជំនួញកូនគ្រែងឈាមតូចៗនេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា នៅតំបន់សមុទ្រទឹករាក់កោះខ្យង ចលនានេសាទកូនគ្រែងឈាមតូចៗ ដែលច្បាប់ជលផលបានហាមឃាត់កំពុងកើតមានយ៉ាងផុលផុស ដើម្បីលក់ឲ្យឈ្មួញកណ្តាលនាំយកទៅលក់បន្តនៅប្រទេសវៀតណាម ហើយកូនគ្រែងឈាមតូចៗដែលកំពុងធ្វើអាជីវកម្មខុសច្បាប់នេះ ក្នុងមួយគីឡូក្រាមមានកូនគ្រែងឈាម ចន្លោះពី១ពាន់គ្រាប់ដល់ជាង៥ពាន់គ្រាប់ និងថាប្រសិនបើមិនទប់ស្កាត់ទាន់ពេលទេ ធនធានសមុទ្រទាំងអស់នេះនឹងវិនាសជាពុំខាន ៕ ឆ្លាម សមុទ្រ