ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់បានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពចាប់រំលោភក្មេងស្រីដែលទើបមានអាយុ៦ឆ្នាំ ដែលករណីនេះ បានកើតឡើងកាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៥ នៅភូមិស្វាយរំពា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យមានឈ្មោះញឹប វ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ដោយឡែកជនរងគ្រោះ មានអាយុ៦ឆ្នាំរស់នៅក្នុងភូមិជាមួយគ្នា ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ និង ក្មេងស្រីផ្សេងទៀត៤ទៅ៥នាក់ បាននាំគ្នាទៅបេះផ្លៃសាវម៉ាវព្រៃនៅក្នុងភូមិក្បែរផ្ទះជនសង្ស័យ ។ នៅពេលដែលក្មេងៗ ទាំងនោះកំពុងបេះសាវម៉ាវព្រៃ ឈ្មោះញឹប វ៉ាន់ បានអង្គុយក្រោមផ្ទះរបស់ប្រជាពលរដ្ឋឈ្មោះ គាំ មាស ហើយបានឃើញក្មេងទាំងនោះ ។ ស្រាប់តែពេលនោះ ជនសង្ស័យបានហៅជនរងគ្រោះឲ្យ មកក្រោមផ្ទះអង្គុយលេង រួចចាប់ក្មេងស្រីនោះធ្វើកម្មភាពរំលោភតែម្តង។ ដោយសារក្មេងស្រីមានការឈឺចាប់ ទើបនាងស្រែហៅក្មេងៗគ្នាឯងឲ្យជួយ ហើយពេលនោះក្មេងៗ បានដើររកឃើញស្ថានភាពបែបនេះ ក៏ទៅប្រាប់ឪពុកម្តាយក្មេងស្រីរងគ្រោះ និងប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។
ជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលការិយាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា