ព័ត៌មានទាន់ហេតុការណ៍៖

ចិនកំពុងតែប្រើប្រាស់ក្រុមហ៊ុនអាមេរិកប្រឆំាងរដ្ឋាភិបាលអាមេរិកនៅក្នុងសង្គ្រាមពាណិជ្ជកម្ម

រដ្ឋាភិបាលចិនកំពុងតែប្រើប្រាស់យុទ្ធសាស្ត្រ ប្រើប្រាស់ពលរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងសង្គ្រាមពាណិជ្ជកម្មដែលបង្កឡើងដោយអាមេរិក។ នៅថ្ងៃទី១៣ខែកក្កដា ចិនបានជំរុញឲ្យក្រុមហ៊ុន រកសុីនៅក្នុង ប្រទេសចិន រួមគ្នាជំរុញឲ្យរដ្ឋាភិបាលអាមេរិក ជួយការពារផលប្រយោជន៍របស់ក្រុមហ៊ុនខ្លួន បើមិនដូច្នោះទេ នឹងទទួលរងការ ខាតបង់ជាច្រើន។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ថា«យើងខ្ញុំសង្ឃឹមថា បណ្តាក្រុមហ៊ុនអាមេរិកដែលកំពុងរកសុីនៅចិន នឹងជំរុញឲ្យរដ្ឋាភិបាលរបស់ខ្លួនជួយការពារផលប្រយោជន៍របស់ខ្លួន និងបញ្ចៀស សង្គ្រាមពាណិជ្ជកម្ម»។ បច្ចុប្បន្នអាមេរិក-ចិន មិនមានសកម្មភាពពិភាក្សាគ្នាណា មួយនៅឡើយទេ លើវិស័យពាណិជ្ជកម្ម ។ លក្ខណៈនៃកិច្ចពិភាក្សាគឺត្រូវតែមានទំនុកចិត្តគ្នា ប៉ុន្តែនៅពេលនេះភាគីទាំងពីរមិនទាន់មានទំនាក់ទំនងគ្នា ដើម្បីពិភាក្សាលើ វិបត្តិពាណិជ្ជកម្មនោះឡើយ។

សង្គ្រាមពាណិជ្ជកម្ម រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរបានចាប់ផ្តើមនៅថ្ងៃទី៦ ខែកក្កដា ដោយអាមេរិកបាន សម្រេចដំឡើងពន្ធ ២៥ភាគរយ ទៅលើ មុខទំនិញ៨១៨មុខនាំចូលពីប្រទេសចិន។ ចំណែកទីក្រុងប៉េកាំងវិញក៏បាន សម្រេច វាយបកភ្លាម ៗដោយដំឡើងពន្ធនាំចូលផលិតផលពីអាមេរិក ៥៤៥មុខ ផងដែរ។

រដ្ឋាភិបាលអាមេរិកបានធ្វើឲ្យសង្គ្រាមកាន់តែតានតឹង ក្រោយពេលដែលប្រធានា ធិបតីដូណាល់ ត្រាំ នៅថ្ងៃទី១០ ខែកក្កដា បានប្រកាសត្រៀមលក្ខណៈដំឡើងពន្ធ ១០ភាគរយបន្ថែមទៀត ទៅលើផលិត ផលចិនដែលមានទឹកប្រាក់២០០ពាន់ លានដុល្លារ ហើយចិនក៏បានប្រកាសតបតវិញផងដែរបើអាមេរិកនៅតែបន្តសកម្មភាពជាឯកតោភាគីនោះ៕ ម៉ែវ សាធី