ព័ត៌មានទាន់ហេតុការណ៍៖

ចិនចាប់មនុស្ស១៥នាក់ដែលពាក់ព័ន្ធនឹងរឿងអាស្រូវផលិតវ៉ាក់សាំងក្លែងក្លាយ

ប្រធានក្រុមហ៊ុន ផលិតឱសថលោក Gao Junfang ត្រូវបានចាប់ខ្លួន ជាមួយ នឹងមនុស្ស ១៤នាក់ផ្សេងទៀត ពាក់ព័ន្ធ នឹងការផលិត វ៉ាក់សាំងក្លែងក្លាយគ្មាន គុណភាព។

ការខឹងសម្បាពីពលរដ្ឋ ក្រោយពេលរកឃើញវ៉ាក់សាំងក្លែងក្លាយជាង២៥.០០០ ដបសម្រាប់ចាក់ឲ្យកុមារ ធ្វើឲ្យពលរដ្ឋជាច្រើនរងផលប៉ះពាល់យ៉ាងខ្លាំង និងអស់ ជំនឿដល់វិស័យផលិតឱសថនៅក្នុងប្រទេសចិន។ មិនតែប៉ុណ្ណោះបានធ្វើឲ្យប៉ះពាល់ ដល់កិត្តិយសរបស់ចិននៅលើឆាកអន្តរ ជាតិទៀតផង។

សកម្មភាពខាងលើរបស់ប៉ូលិស គឺដើម្បីទប់ស្កាត់ការខឹងសម្បាពីពលរដ្ឋចិន ។ លោក Peng Yubin ឪពុកម្តាយ កុមារម្នាក់ នៅក្នុងប្រទេសចិន បានបញ្ជាក់ថា នៅ ពេលដែលចាក់វ៉ាក់សាំង ឲ្យកូនគឺសុខចិត្តចំណាយប្រាក់ច្រើនទិញពីបរទេស។

កន្លងមកថ្មីៗលោក ប្រធានាធិបតីចិន ស៊ី ជីនពីង បានចេញសេចក្តីអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដាក់គំនាបឱ្យធ្ងន់ធ្ងរបំផុត ប្រឆាំងនឹងក្រុមហ៊ុនឱសថណាដែលផលិតថ្នាំបន្លំ គ្មានគុណភាព។ សម្រាប់លោក ប្រធានាធិបតីនេះជាទង្វើដ៏សាហាវអាក្រក់ណាស់។ ប្រតិកម្មរបស់លោក ស៊ី ជីនពីង ធ្លាក់មកក្នុងខណៈដែលចិនកំពុងជួបរឿងអាស្រូវថ្មីមួយទៀត បង្កឡើងដោយក្រុមហ៊ុនផលិតថ្នាំវ៉ាក់សាំងដ៏ធំលំដាប់ទីពីរក្នុង ប្រទេស។

រឿងអាស្រូវក្រុមហ៊ុន Changchun Changsheng Biotechnology ផលិតថ្នាំ បង្ការជំងឺឆ្កែឆ្កួតគ្មានគុណភាព បាននិង កំពុងបន្តខ្ចរខ្ចាយ រីករាលដាលយ៉ាងលឿន តាមបណ្តាញសង្គម ដូចទឹកបាក់ទំនប់ ទោះបីក្រុមសមត្ថកិច្ចចង់បិទខ្ទប់ លុប ចោលយ៉ាងណាក៏មិនអស់។ សន្ធឹកនៃ រឿងអាស្រូវ បានជំរុញឱ្យលោកស៊ី ជីនពីង បញ្ចេញប្រតិកម្មនៅថ្ងៃចន្ទកន្លងមកនេះ ពីទ្វីបអាហ្វ្រិក ទីដែលលោកកំពុងបំពេញ ទស្សនកិច្ចរហូតដល់ចុងសប្តាហ៍។ សម្រាប់លោកប្រធានាធិបតី ការរំលោភ ច្បាប់និងវិធាននៃការផលិតថ្នាំវ៉ាក់សាំង ជា អំពើដ៏សាហាវ និងគួរឲ្យព្រឺរន្ធត់ខ្លាំង ណាស់ ! ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ចពាក់ ព័ន្ធ ត្រូវតែចាត់វិធានការនិងបើកអង្កេត ភ្លាម ដើម្បីវែករកមុខអ្នកទទួលខុសត្រូវ មកដាក់ទោសឱ្យធ្ងន់ទៅតាមច្បាប់។

អ្នកទទួលត្រូវជាន់ខ្ពស់របស់ក្រុមហ៊ុនចំនួន៥នាក់ ក្នុងនោះម្នាក់ជាអគ្គនាយកផង ត្រូវបានឃាត់ខ្លួនយកសួរចម្លើយ។ នេះបើតាមការជូនដំណឹងរបស់ប៉ូលិសខេត្តឆាងឈុន Changchun (ក្រុងប៉ែកឦសាន ប្រទេស) នៅថ្ងៃចន្ទកន្លងមកនេះ។

ក្រុមហ៊ុន Changchun Changsheng Biotechnology ក៏បានទទួលបញ្ជាឱ្យ បញ្ឈប់ការផលិតថ្នាំវ៉ាក់សាំងប្រឆាំងនឹង ជំងឺឆ្កែឆ្កួត តាំងពីពេលត្រួតពិនិត្យឃើញ មានទិន្នន័យបន្លំ និងបញ្ហាគុណភាពភ្លាម។ នេះបើតាមសេចក្តីប្រកាស របស់អាជ្ញាធរគ្រប់គ្រងឱសថនិងចំណីអាហារចិន កាល ពីថ្ងៃអាទិត្យ ដោយធានាអះអាងទៀតថា ថ្នាំវ៉ាក់សាំងគ្មានគុណភាពនោះមិនបាន ចេញពីរោងចក្រទេ។ ប៉ុន្តែទូរទស្សន៍ជាតិបានជូនដំណឹងផ្ទុយទៅវិញថា មានថ្នាំ បង្ការចំនួន២៥ម៉ឺនដូស បានដាក់លក់នៅ ខេត្តShandong ភាគខាងកើតប្រទេស។

សូមបញ្ជាក់ថា មិនមែនជាការកម្រ ឡើយ ដែលចិនជួបរឿងអាស្រូវសុខភាព ផលិតថ្នាំគ្មានគុណភាព និងចំណីអាហារ គ្មានសុវត្ថិភាពនោះ។ រឿងអាស្រូវបែបនេះ តែងតែបំផុសឱ្យមតិសាធារណៈព្រួយបារម្ភ និងខឹងសម្បាយ៉ាងខ្លាំង។ រឿងអាស្រូវថ្នាំវ៉ាក់សាំងគ្មានគុណភាព ដូចគ្នានេះ បានផ្ទុះឡើងម្តងហើយកាលពីឆ្នាំ២០១៦ នៅ ខេត្តចាន់ដុង។ កាលណោះមានថ្នាំបង្ការហួសថ្ងៃកំណត់ប្រើប្រាស់ និងរក្សាទុកមិនត្រឹមត្រូវរាប់ពាន់ដូសក្នុងតម្លៃទឹកប្រាក់រាប់សិបលានដុល្លារ ត្រូវបានលក់ឱ្យសាធារណជនប្រើប្រាស់៕ ម៉ែវ សាធី