ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយបើករថយន្តថយទៅបុករះរថយន្ត៥គ្រឿងចតស្ងៀមនៅមុខផ្សារ

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រី៣នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿង ថយក្រោយចេញពីផ្សារស៊ីខេ ឆ្លងផ្លូវទៅបុករះរថយន្ត៥គ្រឿងនិងកង់១គ្រឿងកំពុងចតស្ងៀមរងការខូចខាត តែមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៩យប់ ថ្ងៃសុក្រ ៩រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ នៅ តាមបណ្តោយផ្លូវលេខ៣១៥ ខាងមុខផ្សារCK ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញស្ត្រីជនជាតិចិនម្នាក់ជាអ្នកបើកបរនិងប្រុសៗ២នាក់ទៀត ជាអ្នករួមដំណើរ បានបើកថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX៣៣០ ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ 2AT-5350 បានថយក្រោយ ចេញពីផ្សារស៊ីខេ ដោយមិនដឹងជាយ៉ាងម៉េចនោះទេ បានថយរថយន្តក្នុងល្បឿនយ៉ាងលឿនឆ្លងកាត់ផ្លូវ៣១៥មកផ្លូវម្ខាងទៀត ជ្រុលទៅបុករះរថយន្ត៥គ្រឿង និងកង់១គ្រឿងចតស្ងៀមតាមចិញ្ចើមផ្លូវ បណ្តាលឲ្យការខូចខាត ក្នុងនោះមានរថយន្តដែលខូចខាតមានរថយន្តវីសស្តូ១គ្រឿង រថយន្តកាមរីហាយប្រីត១គ្រឿង រថយន្តកូរ៉ូឡា១គ្រឿង និងរថយន្តពីរគ្រឿងទៀតម៉ាកតូយូតាព្រូស រួមនឹងកង់១គ្រឿងផងដែរ ។ ចំណែកស្ត្រីជាអ្នកបើកបរបានបើកទ្វាររថយន្តគេចខ្លួនបាត់ទុកប្រុសៗ២នាក់នៅនឹងកន្លែងកើតហេតុ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងមានខាងតំណាងរថយន្តបង្កម្នាក់ចុះមកដល់កើតហេតុ និងបានសម្របសម្រួលជាមួយខាងម្ចាស់រថយន្តរងគ្រោះដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុផងដែរ ៕ ជ្រោយពេជ្រ