ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! ឃាត់ខ្លួន៣នាក់បន្ទាប់ពីប្រើហិង្សាវាយជនរងគ្រោះព្រោះជំពាក់លុយមិនសង

ខេត្តស្វាយរៀង៖ ជនសង្ស័យជនជាតិចិន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឃាត់ខ្លួនបន្ទាប់ពីបានប្រើហិង្សាវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសភ្នែកខាងស្ដាំ មូលហេតុជំពាក់ប្រាក់ចំនួន៥០០០យ័ន្ត(ប្រាក់ចិន) ។

ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូងនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣០នាទីរសៀល នៅត្រង់ចំណុចផ្លូវបេតុង (ខាងមុខមន្ទីរពេទ្យផាសុខភាព២បាវិត) ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ក្រុងបាវិតបានឲ្យកាសែតនគរវត្តដឹងថា ជនសង្ស័យមានឈ្មោះទី ១-ឈ្មោះទឹង យឹងយៀក ភេទប្រុស អាយុ៣០ឆ្នាំជនជាតិចិនមុខរបរបុគ្គលិកអនឡាញទី២-ឈ្មោះផាង ឈៀន ភេទប្រុស អាយុ២៩ឆ្នាំជ នជាតិចិន មុខរបរចុងភៅ និងទី៣-ឈ្មោះដុង យុនឈុន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ដោយជនសង្ស័យទាំង០៣នាក់ ស្នាក់នៅបណ្តោះអាសន្ននៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ប្រភពបន្តថា ចំណែកជនរងគ្រោះមានឈ្មោះ គ្លីវ មិញសឿហៅ (ថូវចាយ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលិកអនឡាញ ស្នាក់នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈត្រូវក្រុមជនសង្ស័យវាយបណ្ដាលឲ្យរងរបួសភ្នែកខាងស្ដាំ របួសស្រាល ពីព្រោះជនរងគ្រោះបានជំពាក់ប្រាក់ចំនួន៥០០០យ័ន្ត(ប្រាក់ចិន) ។

បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសុំណុំរឿងចាត់កាបន្តតាមច្បាប់ ៕ យឹម សុថាន