ព័ត៌មានទាន់ហេតុការណ៍៖

ចិនទៀតហើយ! ឆ្មក់ចូលបង្ក្រាបក្លឹបកំសាន្តខារ៉ាអូខេយីហោ(សុីតុងហ្វាង) ជនជាតិចិនរកឃើញថ្នាំញៀនច្រើនកញ្ចប់

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោជួន ណារិន្ទស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថានៅវេលាម៉ោង០០ និង១៥នាទីយប់រំលងអាធ្រាត្រ ឆ្លងចូលថ្ងៃទី២៦ខែ សីហា ឆ្នាំ ២០១៨ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកកៀង សន្ទរោព្រះអាជ្ញាររងអមសាលាដំបូងខេត្តព្រះសីហនុ និងបញ្ជាដឹកនាំដោយ លោកយន្ត មីន្ត អភិបាលខេត្តព្រះសីហនុ ព្រមទាំងលោកស្នងការផ្ទាល់ផងនោះ កម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងគ្រឿងញៀនបានឆ្មក់ចូលត្រួតពិនិត្យ និងឆែកឆេរនៅក្នុងក្លឹបកំសាន្តខារ៉ាអូរខេមួយកន្លែងយីហោ(សុីតុងហ្វាង )ដែលមានទីតាំងស្ថិតនៅក្រុម២៧ភូមិ០៣ សង្កាត់លេខ០៣ ក្រុង.ខេត្តព្រះសីហនុ របស់ជនជាតិចិន ។

លោកឧត្តមសេនីយ៍ទោស្នងការបានឲ្យដឹងថានៅក្មុងប្រតិបត្តិការខាងលើសមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យបានសរុបទាំងអស់ចំនួន៦២នាក់ ស្រី ១៥ នាក់ (ក្នុងនោះរួមមានម្ចាស់អាជីវកម្ម០១ នាក់មេការ ០១នាក់ អ្នកជួញដូរចំនួន០១នាក់ និងភ្ញៀវមកកំសាន្តប្រើប្រាស់គ្រឿងញៀននៅក្នុងក្លឹបនេះចំនួន៥៩ នាក់។

ជាលទ្ធផលបឋម កម្លាំងសមត្ថិច្ចនគរបាលបានដកហូតយកបានវត្ថុតាងមានដូចខាងក្រោមៈ

_ ម្សៅក្រាម ពណ៌សថា្លសង្ស័យជាសារធាតុញៀន ចំនួន ២២ កញ្ចប់តូច និង ០១កញ្ចប់ ធំ

_ បន្ទះឈើ (ជ្រួញ) សម្រាប់ហិត ១៥ បន្ទះ។

_ថ្នាំញៀនកេតតាមីន ប្រភេទទឹក (ketamine) ចំនួន ០១ ដប។

_ ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងតូច។

_ម្សៅក្រាម ពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន ០១ កំប៉ុងធំ ។

ករណីខាងលើនេះកម្លាំងនគរបាលជំនាញកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅតាមនិតិវីធីច្បាប់ ៕

លោកឧត្តមសេនីយ៍ត្រី ស៊ុនសុផាតស្នងការរងទទួលការងារ កណ្តាលប្រឆាំងបទល្មើសនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឲ្យដឹងឡើងវិញដែរថា÷ ក្នុងប្រតិបត្តិរបស់សមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្នុងការបង្ក្រាបករណីការជួញដូរ និងប្រើប្រាស់គ្រឿងញៀនមានលក្ខណ:ទ្រង់ទ្រាយធំនៅតាមរង្គសាល និងក្លឹបកំសាន្តនៅក្នុងខែសីហា ឆ្នាំ២០១៨ បានចំនួន០២ករណីធំៗ ។

លើកទី០១ការឆ្មក់ចូលបង្ក្រាបនៅរង្គសាល(បារឌីស្កូ )ស្កាយឡាញកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨កន្លងមក និងលើកទី០២នៅក្នុងទីតាំងខាងលើនេះតែម្តង។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបញ្ជាក់ទៀតថា កម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងនៅតែបន្តអនុវត្តឲ្យបានជាប្រចាំដើម្បីអនុវត្តគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃដើម្បីរធានាបាននូវសន្តិសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ៕ ឆ្លាម សមុទ្រ