ព័ត៌មានទាន់ហេតុការណ៍៖

ចិនបញ្ជូនយន្តហោះនាវាចម្បាំងបណ្តេញនាវាអាមេរិកចេញពីកោះលេខបូក

នាវាចម្បំាងចិន និងយន្តហោះចម្បាំងជាច្រើនបានទៅបណ្តេញនាវាចម្បាំងអាមេរិកចេញពីកោះមានសណ្ឋានលេខបូកស្ថិតនៅប្រជុំកោះរបស់វៀតណាមកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦។

ក្រសួងការពារជាតិចិនបានឲ្យដឹងថា ចិនបានបញ្ជូននាវាចម្បាំង យន្តហោះចម្បាំង២គ្រឿង យន្តហោះយាមល្បាតទៅបណ្តេញយន្តហោះចម្បាំងរបស់អាមេរិកប្រភេទUSS William P. Lawrence ដែលកំពុងយាមល្បាតនៅក្នុងដែនសមុទ្រចិនភាគខាងត្បូង។ ទន្ទឹមនឹងនោះចិនបានដាក់បន្ថែមនាវាយាមល្បាត៣គ្រឿងទៀតបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ ដើម្បីគំរាមនាវាអាមេរិកឲ្យចេញពីដែនសមុទ្រដែលចិនកំពុងតែគ្រប់គ្រង។
អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងថា ការដែលចូលឈ្លានពានខុសច្បាប់របស់នាវាចម្បាំងអាមេរិកនៅតំបន់សមុទ្ររបស់ចិនគឺជាការឌឺដងមិនអាចទទួលយកបាន។ មន្ត្រីចិនបានបញ្ជាក់ទៀតថា តើអាមេរិកចង់កកូរសមុទ្រចិនភាគខាងត្បូងដល់ណាទៀត ដើម្បីផលប្រយោជន៍របស់ខ្លួន?
ក្នុងពេលជាមួយគ្នានេះរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចន ឃើរីបានគេចមុខក្នុងការធ្វើអត្ថាធិប្បាយពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅតំបន់អាស៊ីនៅចុងខែឧសភានេះជាដំណើរទស្សនកិច្ចចុងក្រោយមុនបញ្ចប់អាណត្តិប្រធានាធិបតី។
នៅពេលនេះលោក បារ៉ាក់ អូបាម៉ា បានទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនដែលជាផ្នែកមួយក្នុងគម្រោងដំណើរទស្សនកិច្ចមកអាស៊ីរបស់លោក។ ដំណើរទស្សនកិច្ចរបស់លោកបារ៉ាក់ អូបាម៉ា ទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ាគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកនៅក្នុងតំបន់អាស៊ីក្នុងចន្លោះពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ ដោយលោកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនិងទៅចូលរួមក្នុងជំនួបកំពូលក្រុមប្រទេស G7 នៅក្នុងប្រទេសជប៉ុន។
យោងតាមមន្រ្តីអ្នកនាំពាក្យសេតវិមានលោកបារ៉ាក់ អូបាម៉ា អមដំណើរដោយលោកនាយករដ្ឋមន្រ្តីជប៉ុន សីុនហ្សូ អាបេ នឹងធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ា នៅថ្ងៃទី២៧ ខែឧសភា ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកក្នុងការបន្តចក្ខុវិស័យដែលចង់ឃើញពិភពលោកមួយគ្មានអាវុធនុយក្លេអ៊ែរ ។ ចក្ខុវិស័យដែលលោកបានបង្ហាញឲ្យឃើញនៅក្នុងសុន្ទរកថា នៅទីក្រុងប្រាក សាធារណរដ្ឋឆែកកាលពីឆ្នាំ២០០៩ដែលនាំឲ្យលោកបានទទួលរង្វាន់ណូបែលសន្តិភាព។
ទោះជាយ៉ាងណាលោកបារ៉ាក់ អូបាម៉ា នឹងមិនធ្វើការសុំទោសឬក៏បង្ហាញការសោកស្តាយណាមួយចំពោះការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូសីុម៉ានេះទេ។ នេះបើយោងតាមការឲ្យដឹងរបស់ទីប្រឹក្សារងខាងផ្នែកសន្តិសុខជាតិនៃសេតវិមាន។

គួរបញ្ជាក់ថា តាំងពីដើមរៀងមកសហរដ្ឋអាមេរិកតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវជំហរមួយថាការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូសីុម៉ានិងណាហ្គាសាគី គឺជារឿងចាំបាច់ដើម្បីបញ្ចប់សង្រ្គាមលោកលើកទី២។ ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២មកគេក៏មិនដែលឃើញមានប្រធានាធិបតីអាមេរិកណាមួយធ្វើដំណើរទៅកាន់ទីក្រុងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនេះទេ។

គេនៅចាំបានថា លោកជីមី ការទ័រ ធ្លាប់បានធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានេះម្តងកាលពីឆ្នាំ១៩៨៤ ក៏ប៉ុន្តែ នៅពេលនោះលោកបានចាកចេញពីតំណែងប្រធានាធិបតីអាមេរិករួចទៅហើយ។ ដូច្នេះលោកបារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកលើកដំបូងបង្អស់ចាប់តាំងពីក្រោយសង្រ្គាមលោកលើកទី២ដែលធ្វើដំណើរទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានៅក្នុងពេលកំពុងកាន់តំណែង។

ពីទីក្រុងតូក្យូ លោកសីុនហ្សូ អាបេ បានប្រកាសស្វាគមន៍សេចក្តីសម្រេចរបស់លោកអូបាម៉ា ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកទៅកាន់ទីក្រុងហ៊ីរ៉ូសីុម៉ានេះមានអត្ថន័យសំខាន់ខ្លាំងណាស់ ហើយជាឱកាសមួយសម្រាប់ជប៉ុនក៏ដូចសម្រាប់អាមេរិកក្នុងការរំឭកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះទាំងអស់ដែលបាត់បង់ជីវិតនៅក្នុងសង្រ្គាម៕ ម៉ែវ សាធី

trungquoc_YMIX

trungquoctaumy_pmvz