ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមានតបតអាមេរិកបើដំឡើងពន្ធនាំចូលដែកថែបពីប្រទេសចិន

មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងពាណិជ្ជ កម្មចិនលោក Wang Hejun បានប្រកាសថា ភាគីអាមេរិក គ្មានមូលហេតុច្បាស់លាស់ ក្នុងការអនុវត្តដំឡើងពន្ធខ្ពស់ទៅលើផលិតផល ដែក នាំចូលពីប្រទេសចិនទេ ។ រដ្ឋាភិបាលចិននឹងមានវិធានការតបតវិញបើ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបើកភ្លើងខៀវដល់មន្ត្រីរបស់ខ្លួន ឲ្យដំឡើងពន្ធនាំ ចូលដែកពីប្រទេសចិន ដោយយកមូល ហេតុសន្តិសុខជាតិនោះ។

នេះជាសកម្មភាពថ្មីបំផុត ពាក់ព័ន្ធនឹងភាពតានតឹងនៅក្នុងវិស័យពាណិជ្ជកម្ម រវាងអាមេរិកនឹងចិន។ រដ្ឋមន្ត្រីពាណិជ្ជ កម្មអាមេរិក លោក Wibur Ross បាន បញ្ជាក់ថា លោកបានលើកសំណើរដំឡើងពន្ធនាំចូលពីប្រទេសចិនចំពោះផលិតផលដែកថែប រហូតដល់២៤ភាគរយ ។ ផលិត ផលរបស់ចិន នាំចូលអាមេរិកកើនឡើង ខ្ពស់ ប៉ុន្មានឆ្នាំចុងក្រោយនេះ។ តាមការ បញ្ជាក់របស់លោក Ross សកម្មភាព ខាងលើ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក។

ឆ្លើយតបទៅនិងការប្រកាសខាងលើ របស់មន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក មន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងពាណិជ្ជកម្មចិន លោក Wang Hejun ក៏បានប្រកាសផង ដែរថា អាមេរិកមិនមានមូលហេតុណាមួយ តម្លើងពន្ធទៅលើប្រទេសចិននោះឡើយ។ លោកបន្តទៀតថា បើការសម្រេចរបស់ អាមេរិកប៉ះពាល់ដល់ ផលប្រយោជន៍ របស់ចិននោះ ទីក្រុងប៉េកាំងនឹងមានវិធានការតបតវិញជាមិនខាន។

តាមអ្នកឯកទេសវិភាគ រដ្ឋាភិបាលចិន មិនចង់ឲ្យមានវិវាទ ក្នុងវិស័យពាណិជ្ជកម្មជាមួយអាមេរិកឡើយ ដោយសារតែសេដ្ឋកិច្ចចិនភាគច្រើនអាស្រ័យទៅលើការនាំចេញផលិតផល ហើយបើមានវិវាទនោះ នឹងប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។

ចិននិងអាមេរិកគឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនិងទីពីរនៅលើ ពិភពលោក ហើយវិស័យពាណិជ្ជកម្ម របស់ប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សា សេដ្ឋកិច្ចពិភពលោក ឲ្យកើនឡើង បើប្រទេសទាំងពីរ តានតឹង ដាក់គ្នា នឹងអូសទាញសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះជាថ្មី៕ ម៉ែវ សាធី