ព័ត៌មានទាន់ហេតុការណ៍៖

ចិនព្រមានអាមេរិកពីការបន្តយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង

ចែករំលែក៖

ប្រតិកម្មទៅនឹងគម្រោងបន្តយាមល្បាត នៅសមុទ្រចិនភាគខាងត្បូងរបស់កម្លាំងទាហានជើងទឹកអាមេរិកកាលពីថ្ងៃទី១៥ខែកុម្ភៈ រដ្ឋាភិបាលចិនបានព្រមានទីក្រុងវ៉ាស៊ីនតោនថា មិនត្រូវជ្រៀតជ្រែកដល់ ដែនអធិបតេយ្យរបស់ចិននោះឡើយ។

កាលពីចុងសប្តាហ៍កន្លងមកសារព័ត៌មាន The Navy Times បានផ្សាយថា កម្លាំង ទាហានអាមេរិកប្រចាំនៅប៉ាស៊ីហ្វិកបានឡើងគម្រោងបញ្ជូនក្រុមនាវាចម្បាំងវាយលុក Carl Vinson ឈរជើងនៅទីក្រុង San Diego ទៅយាមល្បាតនៅសមុទ្រចិនភាគខាងត្បូង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់ថា ភាព តានតឹងនៅក្នុងតំបន់មានវិវាទបានធូរស្រាល ហើយដោយសារតែទីក្រុងប៉េកាំងបាន សហការជាមួយប្រទេសក្នុងតំបន់មានវិវាទ ដូច្នេះអាមេរិកមិនត្រូវធ្វើឲ្យមានភាពតាន តឹងជាថ្មីទៀតឡើយ។

ក្រសួងការបរទេសចិនបានធ្វើការ ព្រមានទីក្រុងវ៉ាស៊ីនតោនដោយទាមទារ ឲ្យទីបញ្ជាការតំបន់ប៉ាស៊ីហ្វិក និងកងទ័ព ជើងទឹកអាមេរិកបញ្ឈប់ការបញ្ជូននាវា ចម្បាំងមកធ្វើប្រតិបត្តិការសេរីភាពនាវា ចរណ៍តាមផ្លូវទឹកមានជម្លោះនៅសមុទ្រ ចិនខាងត្បូង។

លោក Geng Shuang ជាមន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា ប៉េកាំងបានខិតខំប្រឹងប្រែងសហការរួមគ្នាជាមួយនឹងប្រជាជាតិនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដទៃទៀតដើម្បីបន្ថយភាពតានតឹង និងស្តារ ឡើងវិញ នូវសន្តិភាពក្នុងតំបន់ ហើយមន្រ្តីនាំពាក្យរូបនេះក៏បានជំរុញឲ្យប្រទេសដទៃ ជាពិសេសសហរដ្ឋអាមេរិកមិនឲ្យធ្វើការជ្រៀតជ្រែកឬក៏ដុតភ្លើងបន្ថែមនោះទេ។

យោងតាមសេចក្តីរាយការណ៍ចេញ ផ្សាយដោយ Ibtimes នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ការព្រមានបែបនេះរបស់ចិន ត្រូវបានធ្វើឡើងបន្ទាប់ពីពត៌មាន Navy Times រាយការណ៍ពីដើមសប្ដាហ៍នេះថា ថ្នាក់ដឹកនាំទីបញ្ជាការប៉ាស៊ីហ្វិក និងកង ទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងពិចារណាលើយុទ្ធសាស្ត្ររារាំងប្រទេសកុម្មុយនីស្ត ដោយធ្វើការល្បាតតាមផ្លូវទឹកដ៏សម្បូររ៉ែនេះ៕ ម៉ែវ សាធី

t_lam_spratly_500x279


ចែករំលែក៖