ព័ត៌មានទាន់ហេតុការណ៍៖

ចិនវាយបកលើកអាមេរិកដោយដំឡើងពន្ធ៦០ពាន់លានដុល្លារលើទំនិញអាមេរិក

រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្រេចវាយបកទៅលើអាមេរិកវិញ ក្រោយពេល ប្រធានាធិបតីដូណាល់ ត្រាំបានប្រកាសចាប់ផ្តើមដំឡើងពន្ធ ១០ភាគរយ លើទំនិញនាំចូលពីចិន មានទឹកប្រាក់សរុ ២០០ពាន់លានដុល្លារ ដោយច្បាប់ដំឡើងពន្ធថ្មីមានប្រសិទ្ធភាពនាថ្ងៃទី២៤ ខែកញ្ញា ។

នៅពេលនេះ ចិនក៏បានសម្រេចដំឡើងពន្ធ អាមេរិកវិញ មានទឹកប្រាក់ ៦០ពាន់លានដុល្លារ ។ ការសម្រេច ដំឡើងពន្ធបន្ថែមទៅវិញទៅមក បានធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កាន់តែតានតឹង ។

សារព័ត៌មាន South China Morning Post បានដកស្រង់ការប្រកាសរបស់ក្រសួងហិរញ្ញវត្ថុចិន បញ្ជាក់ថា ការដំឡើងពន្ធរបស់ចិន ទៅលើទំនិញនាំចូលពីអាមេរិក មានពីរគំរិត ៥ភាគរយ និង ១០ភាគរយ ហើយនឹងចូលជាធរមាន នៅថ្ងៃទី២៤ ខែកញ្ញា ដូចគ្នា ។

ការសម្រេចរបស់ទីក្រុងប៉េកាំង ក្រោយពេលដែល អាមេរិកដំឡើងពន្ធលើទំនិញនាំចូលពីចិន ១០ភាគរយ ហើយអាចនឹងកើនឡើង ដល់២៥ភាគរយ នៅខែមករា ឆ្នាំ២០១៩ ៕ ម៉ែវ សាធី