ព័ត៌មានទាន់ហេតុការណ៍៖

ចិនឡើងគម្រោងបន្ទាន់ដើម្បីទប់ទល់សង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក

តំណាងគណៈកម្មការអភិវឌ្ឍន៍ និងកែទម្រង់ជាតិចិន បានបញ្ជាក់ថា ទីក្រុងប៉េកាំងមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការទប់ស្កាត់វិបត្តិពាណិជ្ជកម្មជាមួយអាមេរិកដោយបញ្ជៀសបានរាល់ផលប៉ះពាល់ពីវិបត្តិពាណិជ្ជកម្មនោះ។

កាលពីថ្ងៃទី១៨ ខែមេសា នៅក្នុងសន្និសីទកាសែត ទីក្រុងប៉េកាំង លោក Yan PengCheng អ្នកនាំពាក្យគណៈកម្មការអភិវឌ្ឍន៍ និងកែទម្រង់ជាតិ ចិន NDRC បានបញ្ជាក់ថា ទីក្រុងប៉េកាំងបានត្រៀមលក្ខណៈរួចរាល់ហើយដើម្បីទប់ទល់ និងការកាត់បន្ថយពាណិជ្ជកម្មជាមួយអាមេរិក។ លោកជឿជាក់ថាចិន នឹងគ្រប់គ្រងបានរាល់ការជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចប្រទេសចិន។

កាលពីថ្ងៃទី១៧ ខែមេសា កន្លងមកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើកំណត់ហេតុស្តីពីការប្រឆាំងនឹងការឈ្លានពានសេដ្ឋកិច្ចរបស់ចិន។ កំណត់ហេតុខាងលើ ត្រូវបានអនុម័តក្រោយការស្រាវជ្រាវប្រឆាំងនឹងការលួចចម្លងស្នាដៃនៃការបង្កើតផលិតផលរបស់អាមេរិកពីសំណាក់ចិន។ នៅក្នុងកំណត់ហេតុ ក៏បានឲ្យកាត់បន្ថយការនាំចូលផលិតផលពីប្រទេសចិនផងដែរ។

លោក ត្រាំ បានព្រមានថា នឹងដំឡើងពន្ធរហូតដល់១៥០ពាន់លានដុល្លារ ដល់ទំនិញរបស់ចិន។ ទីក្រុងប៉េកាំងបានចាត់ទុកសកម្មភាពទាំងនោះគឺជា ការបំពានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក WTO។ ទីក្រុងប៉េកាំងបានប្រកាសតបតថានឹងយកឈ្នះទីក្រុងវ៉ាស៊ីនតោន នៅក្នុងសង្គ្រាមពាណិជ្ជកម្ម។

ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ពិបាកក្នុងការរក្សាវិវាទពាណិជ្ជកម្មយូរអង្វែងជាមួយចិននោះណាស់ពិសេសនៅពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ២០១៨ បានខិតមកជិតហើយនោះ។ ចំណែកប្រធានាធិបតីចិនវិញ នៅបន្តកាន់តំណែងយូរអង្វែងទៀត ចំណុចទាំងនោះហើយធ្វើឲ្យចិនអាចទប់ទល់ នឹងសកម្មភាពរបស់ប្រធានាធិបតី ត្រាំ បានគ្រប់ពេលមិនត្រឹមតែនៅក្នុងវិស័យសេដ្ឋកិច្ចកិច្ចនោះទេគឺថែមទាំងវិស័យនយោបាយទៀតផង៕ ម៉ែវ សាធី