ព័ត៌មានទាន់ហេតុការណ៍៖

ចុះបង្ក្រាបគ្រឿងញៀនឃើញគំនរឈើប្រណីតជាង៥រយដុំនៅក្បែរក្រុង-ខេត្តក្រចេះ

ខេត្តក្រចេះ ៖ សមត្ថកិច្ចដែលដឹកនាំ ដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០១៧ បានចុះបង្ក្រាបបទល្មើស គ្រឿងញៀនចៃដន្យក៏បានប្រទះឃើញគំនរ ឈើប្រណីតជាង៥រយដុំ។ ហេតុការណ៍ នេះបានកើតឡើងនៅចំណុចភូមិក្បាល ជួលឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក ជា សុភ័ក្រ បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា អំឡុងការចុះ បង្ក្រាបគ្រឿងញៀននោះសមត្ថកិច្ចក៏បានប្រទះឃើញទីតាំងស្តុកឈើប្រណីតនៅ ទីនោះផងដែរ ហើយលោកក៏បានបញ្ជាឲ្យ កម្លាំងជំនាញបង្ក្រាបទាំងឈើ និងគ្រឿង ញៀនតែម្ដង។

NKD-36x6_outline

តាមសេចក្ដីរាយការណ៍ថា ករណីគ្រឿង ញៀន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១៣នាក់យកមកសួរនាំ ក្នុងនោះមានស្រីចំនួន៧ ប្រុស៦នាក់ ព្រម ទាំងរឹបអូសបានវត្ដុតាងមាន ថ្នាំញៀន ចំនួន៤កញ្ចប់ធំ-តូច និងថ្នាំញៀនប្រភេទ គ្រាប់ រួមទាំងសម្ភារប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ ទាំងនោះ កំពុងត្រូវបានសមត្ថកិច្ចសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ។

ពាក់ព័ន្ធករណីឈើប្រណីតលោក ម៉ី វុទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើថ្មគ្រែ បានប្រាប់ថា ឈើទាំងនោះជាប្រភេទឈើ ប្រណីតមានបេង និងធ្នង់ ចំនួនជាង៥រយ ដុំ ត្រូវបានរក្សាទុកនៅទីតាំងបណ្ដុះកូនឈើខ្សា។ លោកថា សមត្ថកិច្ចបានស្គាល់ម្ចាស់ឈើនោះហើយ ហើយគ្រោងនឹងកោះហៅឲ្យចូលខ្លួនមកដោះស្រាយតាម នីតិវិធី ៕ ហេង នរិន្ទ្រ