ព័ត៌មានទាន់ហេតុការណ៍៖

ចូលកាច់សោកម៉ូតូដល់ក្នុងបន្ទប់ មិនបានសម្រេច ម្ចាស់គេទាន់ ដេញចាប់បានវាយទ្រមខ្លួន

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពចូលកាច់សោ ក ម៉ូតូនៅក្នុងបន្ទប់ជួល តែមិនបានសម្រេចត្រូវបានម្ចាស់គេទាន់ស្រែកចោរៗ បង្កកាភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង១៥នាទីរសៀល ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ អ៊ុក ចាន់ប៊ុនដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន មានស្រុកកំណើតភូមិព្រែកឡុង ឃុំតាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រំកក់ ខេត្តតាកែវ។ រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេច ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DO-7270 ។

NKD-36x6_outline

តាមសម្តីជនសង្ស័យបានឲ្យដឹងថា ខ្លួនមានបក្ខពួក៣នាក់ ឈ្មោះ សាយ និងឈ្មោះ រ៉ូ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ចេញពីផ្ទះហ្គេមបាញ់ត្រី ម្តុំផ្លូវរថភ្លើងត្រឡោកបែក។ លុះមកដល់ចំណុចខាងលើ ឃើញម៉ូតូ១គ្រឿង នៅក្នុងផ្ទះមិនឃើញមានម្ចាស់ ក៏ចូលទៅធ្វើសកម្មភាពកាច់សោក ហើយអូសចេញ តែត្រូវបានម្ចាស់ចេញមកទាន់ស្រែកផ្អើលឆោរឡោ ខ្លួនក៏រត់គេចទៅដល់ទីស្នាក់ការភូមិ ហើយត្រូវប្រជាពលរដ្ឋក្បែរនោះដេញចាប់បានតែម្តង ចំណែកបក្ខពួក២នាក់ទៀតរត់គេចបាត់ស្រមោល។

ក្រោយចាប់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី៕ សុខាសែនជ័យ